តាម Mirror មហាសេដ្ឋីប្រទេសអូស្ត្រាលី Anthony Doolin បានលក់ភូមិគ្រឹះរបស់ខ្លួន ហើយក្រោយមកទើបដឹងថា ក្នុងតំបន់អចលទ្រព្យនេះ គេបានរកឃើញខ្សែរ៉ែមាសដែលពុំទាន់ត្រូវបានគេធ្វើអាជីវកម្ម ។
ពាណិជ្ជករខាងលើបានទិញភូមិគ្រឹះនេះ នៅ Brisbane អូស្ត្រាលី កាលពី ៣ឆ្នាំមុននេះ ក្នុងតម្លៃ ១,៣៥លានដុល្លារ ។ នៅពេលដើរលេងកម្សាន្ត គាត់បានឃើញសញ្ញាគេធ្វើអាជីវកម្មរ៉ែកាលពីពេលមុនប៉ុន្តែពុំរវីរវល់ពិនិត្យមើលទីកន្លែងនោះ ។
ក្រោយមកដោយការបង្ខំរបស់ម្តាយ Anthony Doolin បានលក់អចលនទ្រព្យនេះ ។ មិនបានប៉ុន្មានផង ម្ចាស់ថ្មីនៃតំបន់ភូមិគ្រឹះនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា នៅខាងក្នុងតំបន់រ៉ែនេះនៅមានខ្សែរ៉ែមាសដែលគេពុំទាន់ធ្វើអាជីវកម្ម ។
ភូមិគ្រឹះរបស់សេដ្ឋីអូស្ត្រាលី Anthony Doolin ដែលបានលក់។
ក្រោយពេលដឹងថា តំបន់ភូមិគ្រឹះដែលខ្លួនលក់មានរ៉ែផ្ទុកមាស Doolin ពិតជាភ្ញាក់ផ្អើល ហើយសោកស្តាយយ៉ាងខ្លាំង ។ លោកបានចែករំលែកប្រាប់ថា លោកធ្លាប់បានឃើញកន្លែងគេធ្លាប់ជីកយករ៉ែមាសពីមុនមក ប៉ុន្តែលោកគ្រាន់តែឈរសម្លឹងពីខាងក្រៅប៉ុណ្ណោះ ។
កន្លែងអាជីវកម្មរ៉ែមាសចាស់ នៅក្នុងតំបន់ភូមិគ្រឹះនេះ ។
ម្ចាស់ថ្មី លោក Chris Scott ជនជាតិអង់គ្លេស រួមជាមួយនឹងជាងសំណង់ម្នាក់ទៀតនៅតំបន់នោះបានចូលទៅក្នុងល្អាងរ៉ែមាស ហើយអ្នកទាំងពីរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញនៅខាងក្នុងវាត្រូវបានចាក់បេតុងធ្វើជាលេណដ្ឋានលាក់ខ្លួនកាលពីជំនាន់សង្គ្រាមលោកលើកទី ២ ហើយក្រោយការសិក្សាលោកទើបបានដឹងពីវត្តមានពីខ្សែរ៉ែមាសនៅក្រោមដីប្រមាណ ១សប្តាហ៍មុនប៉ុណ្ណោះ ៕ ចន្ទ្រា