ប្រធានបេសកកម្មសង្គ្រោះកាលពីថ្ងៃច័ន្ទ បានចេញការព្រមានយ៉ាងតឹងរ៉ឹងមួយ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងឡាយ ដែលព្យាយាមគ្រប់ដណ្តប់លើការជម្លៀសកីឡាករបាល់ទាត់ដែលជាប់នៅក្នុងរូងភ្នំ Tham Luang បន្ទាប់ពីប្រព័ន្ធព័ត៌មានមួយត្រូវបានគេរកឃើញបង្ហោះ Drone ដោយគ្មានការអនុញ្ញាត ។
Narongsak Osottanakorn និយាយថា នេះជាសកម្មភាពដែលបានរំលោភបំពានច្បាប់ទាំងស្រុង ហើយប៉ូលីសកំពុងស៊ើបអង្កេតករណីនេះផងដែរ ។
នៅថ្ងៃច័ន្ទនោះផងដែរ កងកម្លាំងទ័ពអាកាសភូមិន្ទថៃ ក៏បានគំរាមចាត់វិធានការផ្លូវច្បាប់ ចំពោះម្ចាស់ drone នោះ ដែលបានបង្ហោះវានៅជិតនឹងឧទ្ធម្ភាគចក្រមួយគ្រឿង ដែលកំពុងដឹកក្មេងប្រុសរងគ្រោះម្នាក់ ចេញពីរូង Tham Luang ទៅកាន់មន្ទីរពេទ្យខេត្តឈៀងរ៉ៃ ។
Drone នោះត្រូវបានឃើញក្នុងវីដេអូ ហោះក្បែរឧទ្ធម្ភាគចក្រទ័ពអាកាសភូមិន្ទថៃ MI-17 ខណៈវាកំពុងដឹកម្នាក់ក្នុងចំណោមក្មេងប្រុសបាល់ទាត់ ៤ នាក់ ទៅកាន់មន្ទីរពេទ្យ ។
ស្ថានីយ៍ទូរទស្សន៍ថៃ PPTV ក៏បានចេញការសុំទោសកាលពីរសៀលថ្ងៃច័ន្ទ ចំពោះករណីបង្ហោះ drone នេះ ។
បន្ទាប់ពីករណីនេះក្លាយជារឿងក្តៅគគុកមួយ ជាហេតុធ្វើឲ្យប៉ូលីសថៃកាលពីអង្គារ៍ (១០ កក្កដា) ម្សិលមិញនេះ ឈានបានចាប់ខ្លួនអ្នកថតរូបបរទេសម្នាក់មកពីប៉ូឡូញ បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់បង្ហោះ Drone ដោយគ្មានការអនុញ្ញាត ក្នុងអំឡុងពេលប្រតិបត្តិការសង្គ្រោះក្រុមក្មេងៗបាល់ទាត់ Mu Pa និងគ្រូបង្វឹករបស់ពួកគេ ពីរូងភ្នំ Tham Luang ស្ថិតក្នុងខេត្តឈៀងរ៉ៃ ភាគខាងជើងនៃប្រទេសថៃ ។
អ្នកថតរូបៗនេះ ឈ្មោះរបស់គាត់ពុំត្រូវបានបញ្ចេញឲ្យដឹងនោះទេ បន្ទាប់ពីត្រូវបានចាប់ខ្លួន ។
អ្នកប្រើប្រាស់ Twitter ម្នាក់ បានបង្ហោះរូបថត១របស់អ្នកថតរូបនេះ ដែលត្រូវបានក្រៀកដោយប៉ូលីសថៃ ។
ចំណែករូបថតដទៃទៀត ដែលត្រូវបានថតដោយ EPA-EFE បានបង្ហាញបុរសនេះជិះលើម៉ូតូ ជាមួយអ្នកស្ម័គ្រចិត្តម្នាក់ ។ បើតាមការឲ្យដឹង នោះបុរសរូបនេះត្រូវបានគេបញ្ជាឲ្យចាកចេញពីតំបន់នេះ ៕ ឧត្តម