នេះជាខណៈពេលដ៏ស្លុតរន្ធត់មួយ ដែលក្មេងស្រីតូចម្នាក់ ត្រូវបានគេប៉ុនប៉ងចាប់ជំរិត ពីក្នុងហាងលក់ទូរស័ព្ទដៃមួយកន្លែង ស្ថិតនៅភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា (អាមេរិក) ។
វីដេអូពីកាមេរ៉ាសុត្ថិភាព បានបង្ហាញឲ្យឃើញស្ត្រីជាម្តាយម្នាក់ កំពុងពរកូនតូចម្នាក់ ស្ថិតនៅពីខាងក្រោយអតិថិជនប្រុសម្នាក់ ខណៈកូនស្រីអាយុ ៤ ឆ្នាំ ម្នាក់ទៀតរបស់ពួកគេ កំពុងឈរក្បែរមាត់ច្រកចូល នៃហាងទូរស័ព្ទដៃនោះ ស្ថិតក្នុង Victorville ។
ប៉ុន្តែ ពិតជារន្ធត់ចិត្តខ្លាំងណាស់ ព្រោះតែប៉ុន្មានវិនាទីក្រោយមក ស្រាប់តែបុរសម្នាក់បានឆ្មក់ដើរលបៗចូលចាប់ក្មេងស្រីនោះ និងអូសនាងចេញខាងក្រៅយ៉ាងលឿន ។ ទោះយ៉ាងណា វាពិតជាសំណាងណាស់ ដែលម្តាយរបស់នាងឃើញទាន់ ហើយនាងក៏បានស្ទុះទាំងដៃឱបកូនតូចយ៉ាងលឿន ដើម្បីដេញតាម «ចោរ» សង្គ្រោះកូនស្រីមកវិញ ។
ក្មេងស្រីរងគ្រោះ ត្រូវបានដឹងថា បានដួល និងអាច «របូត» ខ្លួន ពីដៃជនចាប់រូបនោះ ។ ក្មេងស្រីនេះ បន្ទាប់មក ត្រូវម្តាយរបស់នាងនាំចូលក្នុងហាង និងទទួលការឱបរឹតយ៉ាងកក់ក្តៅពីម្តាយ ។
ទន្ទឹមនោះផងដែរ ម្ចាស់ហាង និងអតិថិជនម្នាក់ បានដេញតាមសង្ស័យ និងចាប់ខ្លួនបានរហូតប៉ូលីសមកដល់ ។
ប៉ូលីសនិយាយថា ជនសង្ស័យនោះមានអាយុ ២៤ ឆ្នាំ ហើយរូបគេអាចជនញៀនថ្នាំផងដែរ ។ ឥឡូវនេះ ជនរូបនេះកំពុងប្រឈមការចោទប្រកាន់ប៉ុនប៉ងចាប់ជំរិត ៕ ចន្ទី