កណ្តាល៖ អនិច្ចាណាស់ ព្រោះតែការធ្វេសប្រហែស ក្មេងប្រុសម្នាក់ ត្រូវរថយន្តកិន បណ្តាលឲ្យបែកក្បាល ស្លាប់យ៉ាងអាណោចអាធ័មបំផុត ដែលហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៦ ព្រឹក នៅចំណុចផ្លូវលំគ្រោះក្រហម ស្ថិតក្នុងភូូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
រថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2z – 6298 អ្នកបើកបរឈ្មោះគង់ ឡុងភេទប្រុស អាយុ៦២ឆ្នាំ មានទីលំបច្ចុប្បន្នភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បានបើកបរពីទិសខាងជើង ទៅទិសខាងត្បូង មានដឹកដីខ្សាច់ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានឈប់នៅមុខផ្ទះឈ្មោះចាន់ សុផាតភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកលក់ចាប់ហួយ ដើម្បីទិញស្រាប៊ៀរ១កំប៉ុង ពេលនោះ ឈ្មោះចាន់សុផាត ជាអ្នកលក់ ក៏បានយកស្រាប៊ៀរ ទៅឲ្យឈ្មោះគង់ ឡុង ដែលអង្គុយនៅក្នុងរថយន្ត ស្រាប់ពេលនោះកុមាររងគ្រោះឈ្មោះតុងចាន់មុន្នីសត្យា ភេទប្រុស អាយុ 2ឆ្នាំ ត្រូវជាកូន បានដើរតាមពីក្រោយមក ចូលអង្គុយក្រោមរថយន្ត ដោយម្តាយ និងអ្នកបើកបរ មិនបានដឹងឡើយ លុះពេលរថយន្តចេញដំណើរ ក៏បានកិនកុមាររងគ្រោះបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ តែម្តង ។ ក្រោយពេលកើតហេតុអ្នកបើកបរ បានរត់គេចខ្លួនបាត់ ។
ក្រោយពេលទទួលបានព័ត៍មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍តាលន់ និងផ្នែកចរាចរណ៏ស្រុកស្អាង បានចុះពិនិត្យវាស់វែង និងយករថយន្តមករក្សាទុក រងចាំដោះស្រាយតាមនីតិវិធីច្បាប់ រីឯសព បានប្រគល់ជូនអាណាព្យាបាល ទទួលយកទៅធ្វើបុណ្បតាមប្រពៃណី ។ ដោយ៖កូឡាប