Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​វ័យក្មេង ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ ៦ ឆ្នាំ ពី​បទ​សម្លា-ប់​បុរស​ម្នាក់​ដែល​រំលោ-ភ​នាង

ថ្មីៗនេះ តុលាការម៉ិចស៊ិចកូ បានបង្ករលកកំហឹងពីសាធារណជន បន្ទាប់កាត់ទោសនារីវ័យក្មេងម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទ «ប្រើប្រាស់ការការពារខ្លួនហួសហេតុ» ដោយសារតែនាងបានសម្លាប់បុរសម្នាក់ ដែលកំពុងរំលោភនាង។

ការកាត់ទោសទៅលើនាង Roxana Ruiz ជាស្រ្តីមេម៉ាយអាយុ ២៣ ឆ្នាំ រស់នៅ Nezahualcoyotl ប្រទេសម៉ិកស៊ិក កាលពីថ្ងៃចន្ទ បានធ្វើឲ្យព័ត៌មានក្តៅគគុកពេញមួយសប្តាហ៍ ខណៈសកម្មជនសិទ្ធិស្រ្តី បានផ្ទុះការតវ៉ា និងថ្កោលទោសការសម្រេចចិត្តនេះរបស់តុលាការ។ នារីវ័យក្មេងរូបនេះ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ដោយប្រើប្រាស់ការការពារខ្លួន ចាប់ច្របាច់កបុរសម្នាក់ ដែលរំលោភនាងនៅក្នុងផ្ទះរបស់នាង ហើយឥឡូវនេះ កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ និងក៏ដូចជាកាតព្វកិច្ចសងជំងឺចិត្តដល់គ្រួសាររបស់ជនល្មើសផងដែរ។

Ruiz ដែលបានជាប់ពន្ធនាគាររយៈពេល ៩ខែ រួចមកហើយ បន្ទាប់ពីការចាប់ខ្លួនដំបូងរបស់នាងក្នុងឆ្នាំ២០២១ បានអះអាងថា នាងទំនងជាត្រូវបានសម្លាប់ដោយបុរសដែលរំលោភនាង ប្រសិនបើនាងមិនសម្លាប់គាត់ជាមុន ប៉ុន្តែចៅក្រមបានសំរេចថា ជាការវាយប្រហារដ៏សាមញ្ញមួយ។

នៅខែឧសភា ឆ្នាំ២០២១ នាង Roxana កំពុងលក់ដំឡូងបំពង នៅ Nezahualcoyotl រដ្ឋម៉ិកស៊ិក ហើយញ៉ាំស្រាបៀរជាមួយមិត្តភ័ក្តិ។ ពេល​នោះ​ហើយ ​ដែល​នាង​បាន​ជួប​បុរស​ម្នាក់​ដែល​នាង​ធ្លាប់​ឃើញ​នៅ​ម្តុំ​ក្បែរ​នោះ​ពី​មុន​មក ហើយ​បន្ទាប់​ពី​ដើរ​លេង​មួយ​រយៈ​មក​ បុរសនោះ​បាន​សុំ​ដើរ​ទៅ​ផ្ទះនាង​វិញ។ ពេលនោះ បុរសនោះបានសួរថាតើ រូបគេអាចគេងមួយយប់បានទេ ព្រោះយប់ជ្រៅហើយ ផ្ទះនៅឆ្ងាយ ហើយនាងក៏យល់ព្រម។

Ruiz និយាយ​ថា នៅ​ពាក់​កណ្តាល​យប់ បុរស​នោះ​បាន​លូន​ចូល​លើ​គ្រែ​របស់​នាង ហើយ​ចាប់​ផ្តើម​វាយ​នាង ហើយ​ស្រាត​ខោអាវ​ចេញ។ ភ្លាមៗនោះ នាងក៏​បាន​ការពារ​ខ្លួន ​ដោយ​ដាល់​ជន​ដៃដល់​ចំ​ច្រមុះ ហើយ​បុរសនោះក៏បាន​គំរាម​សម្លាប់​នាង ប៉ុន្តែ​នាង​បាន​ចាប់​​អាវ និង​ច្របាច់​ក​រហូតស្លាប់​តែ​ម្តង។ ដោយការភ័យស្លន់ស្លោ Roxana បានដាក់សាកសពបុរសនោះនៅក្នុងថង់ធំមួយ ហើយអូសសាកសពទៅទម្លាក់ចោលតាមផ្លូវ តែនាងត្រូវបានប៉ូលីសប្រទះឃើញ និងចាប់ខ្លួនតែម្តង។

Roxana បានប្រាប់សារព័ត៌មាន AP ថា «ខ្ញុំសោកស្តាយចំពោះអ្វីដែលខ្ញុំបានធ្វើ ប៉ុន្តែប្រសិនបើខ្ញុំមិនបានធ្វើទេ ខ្ញុំនឹងស្លាប់នៅថ្ងៃនោះ» ។ នាងក៏សម្តែងការហួសចិត្តខ្លាំង ចំពោះមន្រ្តីដែលសូម្បី​និយាយ​ចោទតថា​ ដំបូងនាង​ប្រហែល​ជា​ចង់​ដេក​ជាមួយ​បុរសនោះ ប៉ុន្តែ បន្ទាប់មក​ក៏​ប្តូរ​ចិត្ត។

តុលាការបានកាត់ទោស Ruiz ឱ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ហើយថែមទាំងបានបង្គាប់ឱ្យនាងបង់ប្រាក់ចំនួន ១៦០០០ ដុល្លារ ជាសំណងដល់គ្រួសាររបស់អ្នករំលោភនាងទៀតផង។ តែមេធាវី​របស់​ស្ត្រី​វ័យក្មេង​រូបនេះ​បាន​ហៅ​ការកាត់ទោស​នេះ​ថា ​មានការ​រើសអើង ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ប្តឹង​ឧទ្ធរណ៍​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×