នៅថ្ងៃទី១១ ខែកក្កដានេះ មន្ដ្រីអាមេរិកឱ្យដឹងថា គេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយZTE បំណងបើកផ្លូវឱ្យក្រុមហ៊ុនបច្ចេកវិជ្ជាចិនបន្ដសកម្មភាពទៅបាន ក្រោយពីត្រូវរាំងស្ទះដោយការដាក់ទណ្ឌកម្មមិនឱ្យទាក់ទងជាមួយក្រុមហ៊ុនផ្គត់ផ្គង់របស់អាមេរិក។
ក្រសួងពាណិជ្ជកម្មបានប្រកាសឱ្យដឹងថា កិច្ចព្រមព្រៀងកក់ប្រាក់នេះជាផ្នែកមួយសម្រាប់ការប្រព្រឹត្ដទៅនៃកិច្ចព្រមព្រៀងតម្លៃ ១៤០០លានដុល្លារដែលZTE ទិញយកសិទ្ធិទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាមេរិកបម្រើឱ្យសេវាបច្ចេកវិជ្ជាក៏ដូចជាបរិក្ខារអេឡិចត្រូនិកសម្រាប់ផលិតផលរបស់ZTE ។
ការដាក់ទណ្ឌកម្មរបស់អាមេរិកចំពោះZTE ត្រូវបានអនុវត្តន៍តាំងពីខែមេសា ហើយធ្វើឱ្យក្រុមហ៊ុនទូរគមនាគមន៍លំដាប់ទី២របស់ចិនត្រូវបានផ្អាកសកម្មភាពសំខាន់ៗរបស់ខ្លួន។
ក្រុមហ៊ុនZTE ត្រូវបានចាត់ទុកថាជាជនរងគ្រោះមួយក្នុងចំណោមបណ្ដាជនរងគ្រោះក្នុង«សង្គ្រាមពាណិជ្ជកម្ម»រវាងអាមេរិកនិងចិន៕
សូយន