Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាផ្ទុកយន្ដហោះដ៏ធំបំផុតរបស់ពិភពលោក ចូលដល់ប្រទេសន័រវ៉ែស ធ្វើឲ្យរុស្ស៊ីផ្ទុះកំហឹង

រាជធានីអូស្លូ (Oslo)៖ ស្របពេលទំនាក់ទំនងការទូត រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងមូស្គូ កំពុងតែធ្លាក់ចុះ កាន់តែខ្លាំងឡើង ជុំវិញសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅលើទឹកដីអ៊ុយក្រែន នោះ នាវាផ្ទុកយន្ដហោះដ៏ធំបំផុតរបស់ពិភលោក បានចូលទៅសំចត នៅក្នុងកំពង់ផែ នៃរាជធានីអូស្លូ ប្រទេសន័រវ៉ែស ដែលមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ី ហើយសកម្មភាពបែបនេះ កំពុងតែអុជបញ្ឆេះកំហឹងយ៉ាងខ្លាំង ដល់ប្រទេសមហាអំណាចយោធាលំដាប់លេខរបស់ពិភពលោក។

សារព័ត៌មាន មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ថា នាវា USS Gerald R Ford (យូអេសអេស ជេរ៉ាល់ដ៍ អ ហ្វដ) ជាប្រភេទនាវាផ្ទុកយន្ដហោះដ៏ធំបំផុត នៅលើពិភពលោក បានទៅដល់រាជធានីអូស្លូ ប្រទេសន័រវ៉ែស កាលពីថ្ងៃពុធ។ ការឈប់សំចតរបស់នាវាផ្ទុកយន្ដហោះសហរដ្ឋអាមេរិក នៅក្នុងប្រទេសជាសមាជិកអង្គការណាតូ មួយនេះ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង ពីរុស្ស៊ី ជាប្រទេសជិតខាង អំពីការបង្ហាញ«កម្លាំងមិនសមហេតុផល និង បង្កគ្រោះថ្នាក់»។

បើតាមបណ្ដាញផ្សព្វផ្សាយរបស់ន័រវ៉ែស បានឲ្យដឹង ថា នាវាផ្ទុកយន្ដហោះ ដើរដោយថាមពលនុយក្លេអ៊ែរ ប្រវែង៣៣៧ម៉ែត្រ មានចំណុះជាង ១00 000តោន បានធ្វើនាវាចរណ៍ មកដល់ច្រកអូស្លូហ្វដ (Oslo Fjord) នាភាគអាគ្នេយ៍ ប្រទេសន័រវ៉ែស។ កងនាវាផ្ទុកយន្ដហោះដ៏ទំនើបរបស់សហរដ្ឋអាមេរិក នឹងឈប់សំចត នៅទីនោះ សម្រាប់រយៈពេលជាច្រើនថ្ងៃ មុននឹងបន្ដដំណើរ ទៅកាន់តំបន់អាក់ទិក។

កងទ័ពន័រវ៉ែស បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ដំណើរមកដល់ និង វត្ដមានរបស់នាវាផ្ទុកយន្ដហោះដើរដោយថាមពលនុយក្លេអ៊ែរដ៏ទំនើបជាងគេបំផុត នៅលើពិភពលោក ផ្ដល់… ឱកាសពិសេសមួយ នៅក្នុងការអភិវឌ្ឍនូវកិច្ចសហប្រតិបត្តិការរបស់យើង ហើយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសម្ពន្ធមិត្តដ៏សំខាន់បំផុតរបស់យើង គឺសហរដ្ឋអាមេរិក»។

ដំណើរមកដល់របស់នាវាផ្ទុកយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក ត្រូវបានគេផ្សព្វផ្សាយព្រោងព្រាត ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងប្រទេសមហាអំណាចលោកខាងលិច និង រុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ស្របគ្នានេះដែរ ស្ថានទូតរុស្ស៊ី ប្រចាំនៅក្នុងប្រទេសន័រវ៉ែស ក៏បានរិះគន់យ៉ាងខ្លាំង ចំពោះវត្ដមានរបស់នាវាផ្ទុកយន្ដហោះចម្បាំងនេះ។

លោក ទីមួរ ឆែកាណូវ (Timur Chekanov) អ្នកនាំពាក្យស្ថានទូតរុស្ស៊ី បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AFP តាមអ៊ីមែល ថា «គ្មានបញ្ហានៅភាគខាងជើង ដែលទាមទារឲ្យមានដំណោះស្រាយខាងយោធា ឬ បញ្ហាត្រូវទាមទារឱ្យមានអន្តរាគមន៍ មកពីខាងក្រៅនោះឡើយ។ បើតាមការគិតពិចារណាកន្លងមក រដ្ឋាភិបាលក្រុងអូស្លូ បានទទួលស្គាល់ ថា រុស្ស៊ី មិនបានបង្កការគំរាមកំហែងផ្នែកយោធា ដោយផ្ទាល់ មកលើប្រទេសន័រវ៉ែស នោះដែរ។ ប៉ុន្ដែការបង្ហាញកម្លាំងយោធាបែបនេះ ហាក់ដូចបីដូចជាគ្មានហេតុផល ហើយវានឹងបង្កគ្រោះថ្នាក់ ផងដែរ»។

ប្រទេសន័រវ៉ែស ក៏ជាសមាជិក នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ហើយប្រទេសនេះ មានព្រំដែនគោក ជាប់ជាមួយរុស្ស៊ី នៅភាគខាងជើងយ៉ាងវែង ក៏ដូចជា ព្រំដែនសមុទ្រ នៅក្នុងសមុទ្របារ៉ែនស៍ (Barents) ផងដែរ។

នាវាផ្ទុកយន្ដហោះដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ USS Gerald R Ford អាចផ្ទុកយន្តហោះចម្បាំង និង ឧទ្ធម្ភាគចក្រ រហូតដល់៩០គ្រឿង។ កងនាវាផ្ទុកយន្ដហោះដ៏ទំនើបនេះ ត្រូវគេរំពឹង ថា នឹងឈប់សំចត មានរយៈពេលជាច្រើនថ្ងៃ នៅក្នុងរដ្ឋធានី នៃប្រទេសន័រវ៉ែស។ ចំណែកតំបន់ជាច្រើន នៅជុំវិញកន្លែង ដែលកងនាវានេះ ឈប់សំចត ក៏ត្រូវបានហាមឃាត់ រួមទាំងដែនអាកាស និង ដែនសមុទ្រដ៏ធំផងដែរ។

បើតាមគេហទំព័រ Barents Observer (បារ៉ែនស៍ អប់ស៊ើរវើរ) ចេញផ្សាយប្រចាំថ្ងៃ បានឲ្យដឹង នាវាផ្ទុកយន្ដហោះដ៏ទំនើបនេះ ត្រូវគេរំពឹងថា នឹងធ្វើនាវាចរណ៍ទៅកាន់តំបន់សមុទ្រអាក់ទិក នៅក្នុងរយៈពេលជាច្រើនថ្ងៃ មុនពេលចាប់ផ្តើម ចេញដំណើរ នៅថ្ងៃទី២៩ ខែឧសភា សម្រាប់ ការធ្វើសមយុទ្ធ Arctic Challenge (អាកទិកឆាលឡែង) ដោយមានការចូលរួម ពីយន្តហោះចម្បាំង ចំនួន១៥០គ្រឿង មកពីបណ្ដាប្រទេសលោកខាងលិច ចំនួន១៤ប្រទេស៕ រក្សាសិទ្ធដោយ ៖ សារាយSN

×