បន្ទាយមានជ័យ : ក៏ដូចខេត្ត រាជធានីដទៃទៀតដែរ នៅខេត្តបន្ទាយមានជ័យ ប៉ុន្មានថ្ងៃមកនេះ ពិសេសថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រជុំជាប់ៗគ្នា និងដាក់ឲ្យគណៈបញ្ជាការ និងកងកម្លាំងគ្រប់ប្រភេទ ស្ថិតក្នុង “ប្រចាំបញ្ជា” ត្រៀមទប់ស្កាត់ បង្ក្រាប និងកម្ទេចបាតុករ ឬអ្នកណា ដែលអាចនឹងចូលរួមធ្វើបាតុកម្ម អហិង្សា ឬហិង្សា ជាមួយគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូល កាត់សេចក្តីរំលាយ នៅថ្ងៃទី១៦ វិច្ឆិកានេះ។
នៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៥ វិច្ឆិកា លោក សួន បវរ ប្រធានគណ:បញ្ជាការ កងឯកភាព រដ្ឋបាលខេត្ត និងជាអភិបាលខេត្ត លោក អ៊ី ឡុង សមាជិក ក្រុមប្រឹក្សាខេត្ត បានដឹកនាំ បានប្រជុំបិទទ្វា របស់គណៈបញ្ជាការ កងឯកភាពរដ្ឋបាលខេត្ត ដោយនិយាយជុំវិញ តែខ្លឹមសារតែមួយដូចខាងលើ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញដីកាបង្គាប់ ឲ្យគណៈបញ្ជាការ កងឯកភាពរដ្ឋបាលខេត្ត ស្រុកក្រុងត្រូវ “ប្រចាំបញ្ជា” ដោយចាត់តាំង អភិបាលរងម្នាក់ ប្រចាំការដឹកនាំ ត្រៀមទប់ស្កាត់ បង្ក្រាប កម្ទេចបាតុកម្ម ឬការប្រមូលផ្តុំ តវ៉ាអហិង្សារ របស់គណបក្សប្រឆាំង ពេលតុលាការកំពូល កាត់សេចក្តី រំលាយគណបក្សសង្គ្រោះជាតិ។
រីឯលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តវិញ ប៉ុន្មានថ្ងៃ មកទល់ថ្ងៃទី១៥ វិច្ឆិកា បានដឹកនាំប្រជុំ ដាក់បញ្ជាការ ជាមួយកងកម្លាំងខ្លួន តាំងពីថ្នាក់ខេត្ត ស្រុកក្រុង ប៉ុស្តិ៍រដ្ឋបាល ក្នុងនោះ មានផ្តល់អង្ករឲ្យកងកម្លាំង ទុកដាំបាយហូបពេលនៅ “ប្រចាំបញ្ជា” នៅកន្លែង មិនបានទៅផ្ទះ។
លោកស្នងការ បាននិយាយថា: “កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ត្រៀមជានិច្ច ចាំទទួលបទបញ្ជា ដើម្បីអនុវត្តន៍ “។
ឯលោកវរសេនីយ៍ បោន ប៊ីន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ វិច្ឆិកា បានដឹកនាំប្រជុំ ដាក់បញ្ជា ដោយនិយាយថា : គ្រប់កងឯកភាព ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត នៅតែបន្តធ្វើផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យជាតិ អន្តរជាតិ ជាពិសេស ទ្រោលសភាពការណ៍ ពីថ្ងៃទី១៦ វិច្ឆិកា ២០១៧តទៅ៕ដោយ : បន្ទាយ