ស្ត្រីបរទេសស្បែកសម្នាក់ នឹងត្រៀមបណ្តេញចេញពីកោះបាលី នៃប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីស្រ្តីរូបនោះ បានបញ្ចេញអាកប្បកិរិយាដ៏មិនសមរម្យ រារាំងការសម្តែងវប្បធម៌បាលីក្នុងតំបន់ ដោយស្រាតននលគក ដើររញ៉េរញ៉ៃនៅលើឆាក។
វីដេអូដែលកំពុងរីករាលដាល បានបង្ហាញស្រ្តីអ្នកទេសចរជនជាតិអាល្លឺម៉ង់រូបនោះ ដែលមានឈ្មោះ Darya Taschinski (ដាយ៉ា តាស៊ីនស្គី) អាយុ ២៨ ឆ្នាំ បានស្រាតភ្លាមៗ នៅលើលើឆាកសម្តែងបែបប្រពៃណីជនជាតិបាលីក្នុងទីក្រុង Ubud លើកោះបាលី។
តាមវីដេអូ គេអាចឃើញស្ត្រីរូបនេះដើរស្រាតលើឆាក ហើយព្យាយាមបើកទ្វារនៅពីក្រោយឆាក បន្ទាប់មក សន្តិសុខក៏បានព្យាយាមរារាំងនាង មុនពេល ស្រ្តីរូបនេះដើរចុះតាមច្រកផ្លូវរវាងទស្សនិកជនទាំងសងខាង ហើយលុតជង្គង់ដាក់ដៃក្តោបចូលគ្នា។ តែបន្ទាប់មក ស្រ្តីរូបនេះក៏បានវិលមកកាន់ឆាកម្តងទៀត ដោយមិនព្រមធ្វើតាមការហាមប្រាមឡើយ ខណៈពេលនោះ ការសម្តែងលើឆាកនៅតែបន្ត។
ក្រោយពីមានហេតុការណ៍ដែលបង្ហាញក្នុងឃ្លីប បានរីករាលដាល ស្ត្រីបរទេសរូបនេះ ក៏ត្រូវបានចាប់ខ្លួន មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ តាមការសាកសួរអ្នកភូមិ បានឲ្យដឹងថា កន្លងមកអ្នកស្រុកតែងតែឃើញស្ត្រីរូបនេះដើរស្រាតក្បែរនោះជាញឹកញាប់។ បន្ទាប់ពីការស៊ើបអង្កេត ស្ត្រីនៅក្នុងវីដេអូ បានអះអាងថា រូបនាងកំពុងស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្តខ្លាំង ព្រោះមិនមានលុយគ្រប់គ្រាន់សម្រាប់ចំណាយលើការស្នាក់នៅ ឬក៏ជិះយន្តហោះត្រឡប់ទៅប្រទេសខ្លួនឯងវិញ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការិយាល័យប្រចាំតំបន់ នៃក្រសួងច្បាប់ និងសិទ្ធិមនុស្ស បានធ្វើការវាយតម្លៃសុខភាពស្ត្រី មុនពេលនិរទេស ដោយសង្ស័យថា នាងមានជំងឺផ្លូវចិត្ត។ ហេតុនេះដំណើរការផ្ទេរ អាចធ្វើបានលុះត្រាតែនាងមានសុខភាពល្អ។ បច្ចុប្បន្ននេះ នាងកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តសុខភាពផ្លូវចិត្ត។
ទោះជាយ៉ាងណាក៏ដោយ ការត្រួតពិនិត្យប្រវត្តិរបស់ Darya Taschinski បានបង្ហាញថា នាងបានទៅកោះបាលីជាច្រើនដង។ ចុងក្រោយបំផុត គឺនៅឆ្នាំ ២០១៩ ហើយនាងមិនដែលត្រូវបានរកឃើញថា មានប្រវត្តិបទល្មើសណាមួយឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង