នៅពេលជនចម្លែកណាម្នាក់មកគោះទ្វារផ្ទះរបស់អ្នកច្រើនដង អ្នកប្រាកដជាមានការព្រួយបារម្មណ៍ និងមិនឆ្លើយតប ឬបើកទ្វារនោះទេ ព្រោះអ្នកប្រហែលខ្លាចមានបញ្ហាសុវត្ថិភាព។ រឿងនេះបានកើតឡើងចំពោះស្ត្រីវ័យក្មេងស្រស់ស្អាតម្នាក់ឈ្មោះ Melissa Vang។
នាងកំពុងនៅក្នុងផ្ទះម្នាក់ឯង ជាមួយកូនស្រីតូចៗ ២នាក់ នៅពេលមានជនចម្លែកម្នាក់មកគោះទ្វារផ្ទះរបស់នាង។ នាងមិនព្រមឆ្លើយនោះទេ ដោយសារតែគិតពីបញ្ហាសុវត្ថិភាពគ្រួសារ ប៉ុន្តែនៅពេលនាងឆែកមើលកាមេរ៉ាសុវត្ថិភាព ទើបនាងមានអារម្មណ៍ភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំង។
នៅពេលឆែកមើលកាមេរ៉ាសុវត្ថិភាពទើបនាងដឹងថា អ្នកដែលគោះទ្វារផ្ទះរបស់នាងច្រើនដងនោះគឺជាបុរសវ័យក្មេងឈ្មោះ Tyler Opdyke សោះ។ នាងបានដឹងការពិតថា មូលហេតុដែលគាត់មកគោះទ្វារផ្ទះរបស់នាង គឺដោយសារតែចង់យកកាបូបលុយ ដែលមានទឹកប្រាក់ក្នុងនោះ ១.៥០០ដុល្លាដែលគាត់បានរើសបាននៅលើដងផ្លូវ យកមកឲ្យនាងវិញសោះ។
នៅពេលនារីវ័យក្មេងនោះ មិនឆ្លើយតប ឬព្រមបើកទ្វារ បុរសវ័យក្មេងនោះ បានឃើញកាមេរ៉ាសុវត្ថិភាព ហើយក៏បានសម្រេចចិត្តបង្ហាញកាបូបលុយដែលគាត់រើសបានដាក់កាមេរ៉ា និងមានបំណងប្រាប់ថា គាត់គ្មានបំណងអ្វីផ្សេងនោះទេ គ្រាន់តែចង់យកកាបូបលុយមកឲ្យម្ចាស់វាវិញ។ គាត់ក៏បានទុកកាបូបលុយនោះនៅមុខផ្ទះ រួចចាកចេញទៅ។
នារីវ័យក្មេងខាងលើ ក៏បានបង្ហោះវីដេអូនោះនៅលើហ្វេសបុក ដោយបានសរសេរថា សូមព្រះជាម្ចាស់ប្រទានពរដល់បុរសម្នាក់នេះ។ ខ្ញុំពិតជាសោកស្តាយណាស់ ដែលខ្ញុំមិនទុកចិត្តគាត់ និងព្រមបើកទ្វារឲ្យគាត់ ហើយការពិតគាត់ជាមនុស្សល្អពិតប្រាកដ។
ទោះយ៉ាងណា នារីនោះ ក៏បានជួបបុរសម្នាក់នោះ ហើយបាននិយាយអរគុណចំពោះអំពើល្អរបស់គាត់៕ សុភ័ក្ត្រ
ប្រភព៖ Good Times