បុគ្គលិកគិតលុយនៅហាងលក់សម្ភារៈទំនើបមួយកន្លែង នៅក្នុងទីក្រុង Nanjing ប្រទេសចិន បានកំពុងទទួលការកោតសរសើរជាខ្លាំង ចំពោះសកម្មភាពដ៏ក្លាហានរបស់នាង ដែលបានហ៊ានតតាំងមិនខ្លាចញញើត និងសូម្បីដេញតាមចាប់ចោរប្លន់ប្រដាប់ដោយកាំបិតវ័យក្មេងម្នាក់ ។
ស្ត្រីម្នាក់ឈ្មោះថា Wang បានកំពុងបំពេញតួនាទីរបស់នាងក្នុងនាមជាអ្នកគិតលុយ នៅក្នុងហាងលក់សម្ភារៈមួយ ប៉ុន្តែ នៅពេលនោះ ស្រាប់តែមានចោរវ័យក្មេងម្នាក់ ចូលមកប្លន់នាងនៅវេលាម៉ោង ៤ ទើបភ្លឺថ្ងៃអាទិត្យ ។ នេះបើយោងតាម South China Morning Post ។
ក្នុងវីដេអូពីកាមេរ៉ាសន្តិសុខ បុរសម្នាក់ដែលក្រោយមកត្រូវបានបញ្ជាក់មានឈ្មោះ Liu អាយុ ២២ ឆ្នាំ អាចត្រូវបានឃើញដើរឆ្ពោះមកកន្លែងគិតលុយ ជាមួយទំនិញជាច្រើន ដើម្បីបង់ប្រាក់ ប៉ុន្តែ នៅពេលនោះ បុរសនេះស្រាប់តែដកកាំបិត និងភ្ជង់នាងតែម្តង ។
ជំនួសឲ្យការប្រគល់លុយទទេៗឲ្យវិញ ទៅតាមតម្រូវការរបស់ចោរស្ទើរភ្លើងនេះ ស្ត្រីក្លាហាននេះ បានឈរជ្រែងដៃ និងថែមទាំងស្រែកដាក់ចោរម្នាក់នេះ ខណៈរូបគេគំរាមនាងជាមួយកាំបិត ។
នាងអាចត្រូវបានលឺនិយាយនៅក្នុងវីដេអូឃ្លីប ខណៈនាងផ្តល់ដំណឹងនេះដល់មិត្តភក្តិរួមការងាររបស់នាង ឲ្យទូរស័ព្ទទៅប៉ូលីសថា៖ «កុំសង្ឃឹម អាញ់មិនឲ្យប្រាក់ទៅឯងសូម្បីតែ១សេនឡើយ» ។ Wang បន្តថា៖ «ប្លន់យើងមក បើឯងក្លាហាន!!» ។
ដោយសារតែភាពក្លាហានរបស់នាង បានគំរាមទៅលើ Liu វិញ ជាហេតុធ្វើឲ្យចោររូបនេះដកខ្លួនថយ និងប្រញាប់ប្រញាល់ប្រមែប្រមូលរបស់របរទំនិញដែលមានតម្លៃប្រហែល ១.៥០ ដុល្លារ រត់ផាសក្រញ៉ាំតែម្តង ។ ទោះយ៉ាងណាក៏ដោយ Wang បានប្តេជ្ញាចិត្តដេញតាមចាប់ចោរវ័យក្មេងស្ទើរបទពិសោធន៍នេះ នៅខាងក្រៅហាងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
អ្នកដំណើរដែលបានឃើញហេតុការណ៍ បានចូលរួមជាមួយ Wang តាមក្របួចក Lui និងនាំគ្នាលត់ដំយ៉ាងចាស់ដៃ មុនពេលប៉ូលីសមកដល់ ដើម្បីយកទៅឃុំខ្លួនបន្ត ៕ ឧត្តម