ភ្នំពេញ ៖ កំណើនពាណិជ្ជកម្មតាមផ្លូវអាកាស បានឆ្លុះបញ្ចាំង ពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងសន្តិភាពរបស់កម្ពុជាដែលបានផ្តល់នូវទំនុកចិត្តពីវិនិយោគិនទាំងក្នុង និងក្រៅស្រុក ក្នុងការបន្តបោះទុនវិនិយោគ ។ បើតាមការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise បានបញ្ជាក់ថា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានទទួលជួបស្វាគមន៍ ប្រិតភូក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាដឹកនាំដោយលោក Eric DELOBEL អគ្គនាយក នៃ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក្នុងគោលបំណងបង្ហាញនូវវឌ្ឍនភាពស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងផ្តល់កិច្ចសហការបន្ថែមនាពេលអនាគត ក្នុងបរិការណ៍ដែលទំហំពាណិជ្ជកម្មតាមផ្លូវអាកាសមានកំណើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ថ្លែងក្នុងកិច្ចសន្ទនានេះ លោកបណ្ឌិត គុណ ញឹម បានលើកឡើងពីតួនាទីសំខាន់ៗរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករគឺការប្រមូលពន្ធនិងអាករចូលថវិកាជាតិ, កិច្ចសម្រួលពាណិជ្ជកម្ម, និងការចូលរួមផ្តល់សន្តិសុខ និងសុវត្ថិភាពសង្គមទាំងមូលតាមរយៈការបង្កានិងបង្ក្រាបអំពើរត់គេចពន្ធនូវទំនិញគ្រប់ប្រភេទរួមទាំង អាវុធ ជាតិផ្ទុះ គ្រឿងញៀន និងទំនិញជាប់អាយ័តផ្សេងទៀត តាមបទប្បញ្ញត្តិជាធរមាន ។
នាឱកាសនេះ លោក Eric DELOBEL បានថ្លែងអំណរគុណដល់ កិច្ចសហការរបស់រដ្ឋបាលគយ ដែលបាននិងកំពុងផ្តល់សេវានិងកិច្ចសហការសម្រាប់អាកាសយានដ្ឋានទាំងបី (ភ្នំពេញ សៀមរាប និង កងកេង) ជាពិសេសកិច្ចសហការរបស់មន្ត្រីគយនិងរដ្ឋាករដែលបំពេញភារកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងការផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម ដែលអាចឆ្លើយតបបានទាន់ពេលវេលានឹងកំណើនទំហំពាណិជ្ចាកម្ម ដែលគ្របដណ្តប់ប្រមាណ៤០% ដោយបានកើនបរិមាណដល់កម្រិតច្រើនជាង ៦០.០០០ តោន ក្នុងឆ្នាំ2017។
ដើម្បីឆ្លើយតបនឹងកំណើនពាណិជ្ចកម្មតាមផ្លុវអាកាស ក្រុមហ៊ុនឹងកសាងនូវ cargo terminal ថ្មីមួយទៀតនិងបំពាក់ឧបករណ៍មួយចំនួនទៀត ដូចជាម៉ាស៊ីន X-Ray ថ្មី សម្រាប់ស្កែនអ្នកដំណើរ ជាដើមដែលទាមទារឲ្យមានកិច្ចសហការបន្ថែមពីរដ្ឋបាលគយកម្ពុជា ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងធានាបានសុវត្ថិភាពនៃការហោះហើរក៏ដូចជាសន្តិសុខសាធារណៈទាំងមូល។
ជាកិច្ចឆ្លើយតប លោកបណ្ឌិត គុណ ញឹម បានសំដែងនូវសុទិដ្ឋិនិយម ចំពោះកំណើនពាណិជ្ជកម្ម តាមផ្លូវអាកាសដែលបានឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោប្រមុខរាជារដ្ឋាបាល នៃព្រះរាជាណាចក្រកកម្ពុជា ដែលបានផ្តល់នូវទំនុកចិត្តពីវិនិយោគិនទាំងក្នុងនិងក្រៅស្រុកក្នុងការបន្តបោះទុនវិនិយោគជាបន្តបន្ទាប់គួរជាទីមោទនៈ។
ទន្ទឹមនឹងការត្រៀមបន្តផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា។ លោកបណ្ឌិតបានស្នើសុំកិច្ចសហការក្នុងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ក៏ដូចជាចូលរួមកិច្ចប្រតិបត្តិការគយផ្សេងទៀតដែលរដ្ឋបាលគយកម្ពុជាកំពុងបន្ត និងជំរុញកំណែទម្រង់ និងទំនើបកម្មរបស់ខ្លូន ដូចជាការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មគយនានាក៏ដូចជាប្រព័ន្ធបញ្ជរតែមួយជាតិ (National Single window) ជាដើម៕ ដោយ ៖ កូឡាប