ស្វាយរៀង ៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថថ្មីខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៨នេះសម្តេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញនូវបទបញ្ជា ចំនួន៤ចំណុចសំខាន់ៗ ឲ្យកងកម្លាំង កងរាជអាវុធហត្ថ អនុវត្តឲ្យបាន នៅមុនពេល និងអំឡុងពេល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាចុងខែកក្កដានេះខណៈដែលសម្តេចបានអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីខួបលើកទី២៥ទិវាកងរាជអាវុធហត្ថនិងសម្ភោធដាក់អោយប្រើប្រាស់អគារល្អប្រណិតចំនួនពីរអាគារនិងសមទ្ធិផលនានាដែលចំណាយថវិកាអស់ជាង២លានដុល្លារ។
ពិធីនេះមានការចូលរួមពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិងលោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍សៅសុខា និងអស់លោកលោកស្រីជានាយឧត្តមសេនីយ៍ នាយទាហានពលទាហាននិងពលអាវុធហត្ថជាង៦០០នាក់។
សម្តេចពិជ័យសេនាទៀបាញ់បានថ្លែងនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនដល់អង្គពិធីផងដែរ។ សម្តេចពិជ័យសេនាទៀបាញ់បានថ្លែងអំណរគុណលោកនាយឧត្តម សៅ សុខា មន្ត្រីកងរាជអាវុធហត្ថនិងកងរាជអាវុធខេត្តស្វាយរៀង ដែលកសាងកន្លែងទីបញ្ជាការបានល្អប្រណិតទុកសម្រាប់ធ្វើការងារក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់ចេញនូវបទបញ្ជា ចំនួន៤ចំណុចសំខាន់ៗ ឲ្យកងកម្លាំង កងរាជអាវុធហត្ថ អនុវត្តឲ្យបាន នៅមុនពេល និងអំឡុងពេល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាចុងខែកក្កដានេះគឺ បទបញ្ជាទី១. កងរាជអាវុធហត្ថ ត្រូវពង្រឹងការការពារសន្តិភាព ស្ថិរភាពនយោបាយ ទី២. រួមគ្នាធានាឲ្យបានការបោះឆ្នោត ដែលដំណើរការដោយសេរី យុត្តិធម៌ ដែលច្បាប់បោះឆ្នោតបានតម្រូវ។ ទី៣. បន្តលើកកម្ពស់ការថែរក្សាសុខសន្តិភាព សាធារណៈ តាមរយៈការពង្រឹងវិន័យ សីលធម៌ ឲ្យសង្គមកាន់តែមានស្ថិរភាព និងចំនុចទី៤. កងរាជអាវុធហត្ថ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន ក្រសួង និងប្រទេសជាមិត្ត ធ្វើយ៉ាងណាសំដៅ ធ្វើឲ្យប្រទេសរីកចម្រើន និងជីវភាពប្រជាពលរដ្ឋ កាន់តែរីកចម្រើន។
សម្តេចពិជ័យសេនា នៅក្នុងឱកាសដដែលនេះ ក៏បានអបអរសាទរផងដែរ ចំពោះសកម្មភាព របស់កងរាជអាវុធហត្ថ ដែលបានអនុវត្តកន្លងមក ដោយបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈទាំងអស់ ក្នុងការការពារជាតិមាតុភូមិ។ សម្តេចបានលើកឡើងដែរថា ការប្រារព្ធពិធីអបអរសាទរនាថ្ងៃនេះ គឺជាការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ចំពោះកងរាជអាវុធហត្ថ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ដើម្បីពង្រឹងបន្ថែមទៀត នូវការថែរក្សាសុខសន្តិភាព។ សម្តេចថា សុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យប្រទេសរីកចម្រើន ដូចបច្ចុប្បន្ន។
សម្តេចពិជ័យសេនាក៏បានអំពាវនាវអោយកងកម្លាំងប្រដាប់ទាំងអស់ត្រូវស្មោះត្រង់និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំប្រទេសនិងត្រូវរក្សាសុខសន្តិភាពអោយស្ថិតស្ថេរគង់វង្សយូអង្វែងមានសន្តិភាពទើបយើងមានឪកាសអភិវឌ្ឍប្រទេសអោយរីកចម្រើនលើកគ្រប់វិស័យ។សម្តេចពិជ័យសេនាក៏បានជំរុញដល់កម្លាំងទាំងអស់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨អោយបានគ្រប់ៗដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់និងពេញចិត្តក្នុងការទទួលបានសមទ្ធិផលជាច្រើនទៀត ៕ វ៉ៃកូ