គ្រូហ្វឹកហ្វឺនម្នាក់នៅក្នុងរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ត្រូវបានចាប់ខ្លួនពីបទរុញសិស្សស្រីអាយុ ១៩ ឆ្នាំ ម្នាក់ទាំងបង្ខំចេញពីជាន់ទី២ ក្នុងអំឡុងពេលធ្វើលំហាត់សុវត្ថិភាពមួយ ដែលបណ្តាលឲ្យនាងធ្លាក់រហូតស្លាប់ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ N Logeswari ជានិស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យសិល្បៈ និងវិទ្យាសាស្ត្រ Kovai Kalaimagal បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីក្បាលរបស់នាងប៉ះទង្គិចនឹងយ៉ការពារកម្តៅព្រះអាទិត្យ ជាន់ទី១ មុនពេលធ្លាក់ចុះដី ។
ចំណែកសិស្សប្រុសស្រី១ក្រុម ដែលបានស្ថិតទីតាំងខាងក្រោម ជាមួយសំណាញ់ចាំត្រង់នាង បានត្រឹមសម្លឹងមើលដោយក្តីរន្ធត់គ្រប់ៗគ្នា នៅក្នុងហេតុការណ៍នេះ ។
យោងតាម New Minute នោះសិស្សជាច្រើនបានលោតចុះរួចហើយ និងបានធ្វើបានដោយសុវត្ថិភាពទាំងអស់គ្នា ។ មន្ត្រីស៊ើបអង្កេតផ្លូវការបានពន្យល់ថា ក្រុមនេះបានធ្វើលំហាត់ហ្វឹកហ្វឺនបែបនេះ នៅតាមមហាវិទ្យាល័យជាច្រើនក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ហើយនេះគឺជាគ្រោះថ្នាក់លើកដំបូងដែលកើតឡើងសម្រាប់ពួកគេ ។
ប៉ូលីសនិយាយថា៖ «យើងខ្ញុំបានចាប់ខ្លួនគ្រូបង្វឹករួចហើយ ។ ជនរងគ្រោះបានរងរបួសធ្ងន់ធ្ងរនៅលើ.ក និងក្បាលរបស់នាង ។ គ្រូបង្វឹករូបនោះត្រូវបានចោទប្រកាន់ពីបទបណ្តាលឱ្យមនុស្សស្លាប់ ដោយសារតែការធ្វេសប្រហែស ។
អាជ្ញាធរមហាវិទ្យាល័យបានបញ្ជាក់ថា ការហ្វឹកហាត់នេះត្រូវបានធ្វើឡើងដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌា (NDMAI) ប៉ុន្ដែយោងទៅតាមភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ Tamil Nadu Rajendra Ratnoo គ្រូបង្វឹកនេះមិនមែនជាគ្រូបង្ហាត់ដែលបានចុះក្នុងបញ្ជីឈ្មោះរបស់ NDMAI ទេ ហើយគាត់ក៏គ្មានចំណេះដឹង អំពីការហ្វឹកហាត់ណាមួយដែលធ្វើឡើងនៅមហាវិទ្យាល័យឡើយ ៕ ឧត្តម