លោក Pavel Semenyuk អាយុ ៨៧ឆ្នាំ តែងសុបិន្តប្រាថ្នាចង់មានក្រុមគ្រួសារកុះករមួយ ហេតុនេះលោកពិតជារីករាយក្រៃលែងគ្រាភរិយា បានបង្កើនកូនឲ្យលោកដល់ទៅ… ១៣នាក់ ។
លោក Pavel Semenyuk ទទួលលិខិតបញ្ជាក់ថា មានកូនចៅច្រើនជាងគេនៅប្រទេសអ៊ុយក្រែន ។
បន្ទាប់មកកូនៗក៏រៀបការ រួចចៅៗក៏រៀបការ… ធ្វើឲ្យពេលនោះលោកមានកូនចៅសរុប ៣៤៦នាក់ កូន ១៣នាក់ ចៅ ១២៧នាក់ ចៅទួត ២០៣នាក់ និងចៅលួត ៣នាក់ ។ សមាជិកគ្រួសារក្មេងបំផុត អាយុទើបតែ ២សប្តាហ៍ ។
មហាគ្រួសារនេះរស់នៅភូមិ Dobroslav តំបន់ Odessa Oblast ភាគខាងត្បូងអ៊ុយក្រែន -នេះបើតាម MSN ។
លោក Semenyuk ជាកម្មករសំណង់ម្នាក់បានចូលនិវត្តន៍ ចែករំលែកថា ៖ គ្រួសារខ្ញុំពេលណាក៏រីករាយដែរ ។ ប៉ុន្តែការលំបាកបំផុតរបស់ខ្ញុំគឺមិនដឹងធ្វើបែបណា ដើម្បីអាចចាំឈ្មោះចៅៗទាំងអស់! ។ លោកតា សារភាពថា ខ្ញុំចាំតែឈ្មោះអាធំៗទេ ចំណែកអាតូចៗលែងចាំហើយ! ។
រៀងរាល់ពេលសមាជិកគ្រួសារម្នាក់រៀបគូស្រករនោះ សមាជិកដទៃទៀតនឹងរួមគ្នាសាងសង់ផ្ទះឲ្យ១ខ្នង ជាចំណងដៃ ។ វាក៏ពុំមែនជាកិច្ចការលំបាកដែរ ព្រោះកូនប្រុសៗ ស្ទើរទាំងអស់បន្តអាជីពរបស់ឪពុកគឺជាងសំណង់ ។
មហារគ្រួសារលោក Semenyuk
ចំពោះគ្រួសារគាត់ព្រឹត្តិការណ៍តូចមួយជាអាទិ៍ ថ្ងៃកំណើត មង្គលការ ក៏ជាព្រឹត្តិការណ៍មួយផ្អើលអស់គេឯង ។ កូនស្រីវ័យ ៦៦ឆ្នាំ Vira Semenyuk ឲ្យដឹងថា ៖ ពួកយើងត្រូវរួមដៃគ្នា ដើម្បីដាំស្លម្ហូបជា “ច្រើនសន្ធឹកសន្ធាប់” ។
ពេលនេះអង្គការកត់ត្រាឯតទគ្គកម្មជាតិអ៊ុយក្រែន កំពុងបំពេញបែបបទស្នើសុំ “ឯកតទគ្គកម្មហ្គីណេស” ៕ ចន្ទ្រា