មន្ដ្រីអាមេរិកម្នាក់ទើបទម្លាយមូលហេតុ៣ដែលសេតវិមានបានស្នើឱ្យមានកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរនៅមុនពេលឈាន ចូលកិច្ចប្រជុំរួមរវាងប្រតិភូប្រទេសទាំងពីរ។
ប្រធានាធិបតីTrump និងប្រធានាធិបតីPutin បណ្ដើរគ្នាចូលបន្ទប់កិច្ចប្រជុំតែពីរនាក់
តាមCNN មន្ដ្រីខាងលើនិយាយថា សំណូមពរនោះត្រូវបានសេតវិមានលើកឡើងតាំងពីកិច្ចចរចាត្រៀមជំនួបកំពូលលើកទី១ម្ល៉េះ។
លោកTrump បានសំណូមពរជួបជាឯកជនតែពីរនាក់ ព្រោះថា វានឹងជួយឱ្យមេដឹកនាំទាំងពីរវាយតម្លៃអំពីគ្នាទៅវិញទៅមកល្អជាង ជួយអភិវឌ្ឍចំណងទាក់ទងឯកជនប្រសើរជាង។លោកTrumpក៏ធ្លាប់បានប្រជុំតែពីរនាក់ជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong-un នៅសិង្ហបុរី ព្រោះតែមូលហេតុដូចគ្នាខាងលើ។
មុននោះ លោកTrumpធ្លាប់សម្ដែងការខឹងសម្បាយ៉ាងខ្លាំងចំពោះព័ត៌មានបែកធ្លាយជុំវិញជំនួបរវាងលោកនិងបណ្ដាមេដឹកនាំបរទេសផ្សេងទៀត។ហេតុនេះឯង តាំងពីដើមទី លោកTrump បានប្រាប់ទៅជំនួយការទាំងឡាយថា លោកមិនចង់ឱ្យព័ត៌មានរំញោចក្នុងជំនួបរវាងលោកនិងមេដឹកនាំរុស្ស៊ីត្រូវបែកធ្លាយឡើយ។
នៅមានមូលហេតុសំខាន់មួយទៀត គឺលោកចង់ប្រជុំបិទទ្វារជាមួយលោកPutin ព្រោះមិនចង់ឱ្យក្រុមជំនួយការ«ដែលគុំកួនរុស្ស៊ី»ធ្វើឱ្យកិច្ចចរចាត្រូវរអាក់រអួល ឬអាចបរាជ័យតែម្ដង៕
សូយន