ព្រៃវែង ៖ ជនសង្ស័យ ២នាក់ដែលជាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនម៉ាទឹកកកចំនួន ២៨កញ្ចប់ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រៃវែង ចុះបង្ក្រាបចាប់ខ្លួន ដោយតាមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
អាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា នៅវេលាម៉ោង ១៧ និង ១៥ នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ភូមិអង្គក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ដោយមានការអនុញ្ញាត និងបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកង រាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលនីតិវិធីពីលោកមាស សុភក្ដិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានដឹកនាំកម្លាំងចុះបង្ក្រាប ករណីចែកចាយគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ឈ្មោះ ជ័យ ឆេងម៉ុង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះ ហួត ខ្ចី ភេទស្រី អាយុ ២៧ឆ្នាំរស់នៅភូមិ/ឃុំ ជាមួយគ្នា រួមទាំងដកហូតបានវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន ២៨កញ្ចប់ ស្មើនឹង ៣,៤៣ ក្រាម ទូរស័ព្ទចំនួន ៣គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងកំពុង បន្តតាមនីតិវិធី ៕ ដោយ ៖ បញ្ញាស័ក្តិ