បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា រយៈពេល២ទៅ៣ថ្ងៃកន្លងមកនេះ អាជ្ញាធរថៃបានរឹតបន្តឹងច្បាប់ក្នុងប្រទេស ដោយបានធ្វើការចាប់បញ្ជូនពលករខ្មែរ ក្នុង១ថ្ងៃ មានប្រមាណ៥០ទៅ១០០នាក់ ដែលទៅធ្វើការដោយខុសច្បាប់ ហើយបញ្ជូនមកខ្មែរវិញ ។ ដោយយោងតាមរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០១៨ ការងារប្រឆាំងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ គ្រប់គ្រងទេសន្តប្រវេសន៍ពលករខ្មែរ ដែលត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួន១.៨៩៣នាក់ ស្រី៦១៧នាក់ និងកុមារ១៧៣នាក់។
លោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដោយមានលិខិតពីក្រសួងមហាផ្ទៃជូនដំណឹងដល់រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ គឺរដ្ឋាភិបាលថៃ បានរឹតបន្តឹងច្បាប់ការងារ នៅប្រទេសថៃ និងចាប់ពលករ ដែលធ្វើការគ្មានច្បាប់ និងចាប់បញ្ជូន ជាក់ស្តែង រយៈពេល២ទៅ៣ថ្ងៃនេះ គឺអាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ ១ថ្ងៃមានប្រមាណ៥០ទៅ១០០នាក់។
លោកបានបញ្ជាក់ថា “មូលហេតុដែលអាជ្ញាធរថៃ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមន្ត្រីច្រកចេញចូលតែមួយ រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានទទួលធ្វើប័ណ្ណព្រំដែន ជូនប្រជាពលរដ្ឋបានចំនួន១៧.៥០០នាក់ និងផ្តល់ជូនបានចំនួន១៥.០០០ប័ណ្ណ “៕ ដោយ ៖ បញ្ញាស័ក្តិ