ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំពិធីប្រគល់ថវិកា ដែលបានមកពីការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសប្បុរសជននានា ក្នុងស្មារតីសាមគ្គីធម៌ និងមនុស្សធម៌ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មនិងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងមន្ទីរពេទ្យគន្ធបុប្ផា នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ថវិកាដែលត្រូវបានប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកនេះគឺមានចំនួនជិត ២០០លានរៀល ដែលក្នុងនោះរួមមាន៖
ប្រាក់រៀល៖ ១០៧ ៩៩៥ ៤០០៛ និង ប្រាក់ដុល្លារ៖ ២២ ៤៧៨$។ ថវិកាខាងលើនេះ ទទួលបានពីសទ្ធាជ្រះថ្លា បរិសុទ្ធរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោកស្រី ទេព បុប្ផាប្រសិទ្ធ ចំនួន ២០ ០០០ដុល្លារអាមេរិក និងក្រៅពីនេះទទួលពីសប្បុរសជន ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាមបណ្តាមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត អង្គភាពរដ្ឋាករទឹកស្វ័យត និងអាជីវករនៅតាមបណ្តារាជធានី-ខេត្ត រួមទាំង អនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។
ថ្លែងក្នុងពិធីនេះ លោកកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីប្រវត្តិ នៃការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា ឡើង ជាពិសេសគឺការបង្កើតឡើងនូវមន្ទីរគន្ធបុប្ផា នៅទីរួមខេត្តសៀមរាប ហើយនឹងវីរភាពរបស់ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត BEAT RICHNER។
លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានលើកឡើងពីការជួយជ្រោមជ្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងការរួមចំណែកផ្តល់នូវ ថវិការាប់សិបលានដុល្លារ ជារៀងរាល់ឆ្នាំ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយនៅរយៈពេលចុងក្រោយនេះ ក្រោមគំនិតផ្តួចដ៏ថ្លៃថ្លា របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត “មូលនិធិគន្ធបុប្ផាកម្ពុជា” ត្រូវបានបង្កើតឡើង ដែលយើង ចាត់ទុកជា ប្រវត្តិសាស្ត្រមួយថ្មីបញ្ជាក់ថា កុមារកម្ពុជា នឹងបន្តទទួលបានការធានា នូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃ សម្រាប់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
ជាមួយគ្នានេះ លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានប្រកាសផងដែរថា លោកផ្ទាល់ និងលោកស្រី នឹងបន្តចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ ០០០ ដុល្លារជារៀងរាល់ឆ្នាំ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងបានអំពាវនាវដល់សប្បុរសជននានា បន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តប្រតិបត្តិការរបស់ខ្លួនប្រកបដោយចីរភាព៕ ដោយ ៖ បញ្ញាស័ក្តិ