ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូលបានរកឃើញថា មានស្ថានីយលក់ប្រេងឥន្ធនៈមួយចំនួន នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ លក់សាំងមិនគ្រប់លីត្រ និងបន្លំគុណភាពសាំងមានដូចជា៖ សាំងធម្មតា ថាជាសាំងស៊ុបពែរជាដើម ដោយលក់បោកប្រាស់ប្រជាពលរដ្ឋឬអតិថិជន។ ក្នុងនោះក៏នៅមានស្ថានីយខ្លះលក់សាំងក្នុងតម្លៃខ្ពស់ មិនស្តាប់តាមការណែនាំ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់បញ្ចុះតម្លៃប្រេងសាំងចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០១៨មកនោះទេ។
ការកឃើញខាងលើនេះនៅក្នុងសកម្មភាព ដែលមន្ត្រីជំនាញកាំកុងត្រូលមកពីអគ្គនាកដ្ឋានកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយសាខាកាំកុងត្រូលខេត្តព្រះសីហនុ -មន្ត្រីតំណាងរដ្ឋបាលខេត្ត និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ នៅតាមស្ថានីយលក់ប្រេងឥន្ធនៈមួយចំនួន ក្នុងក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃច័ន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ឲ្យដឹងថា ជាលើកទី២ ហើយ ដែលមន្ត្រីជំនាញកាំកុងត្រូល មកពីអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះពិនិត្យពីគុណភាពប្រេង និងការកំណត់តម្លៃលក់ នៅតាមស្ថានីយប្រេងឥន្ធនៈ ក្នុងក្រុងព្រះសីហនុ។
សកម្មភាពខាងលើនេះ មន្ត្រីកាំកុងត្រូលបានរកឃើញថា មានស្ថានីយលក់ប្រេងឥន្ធនៈខ្លះ បានលក់ក្នុងតម្លៃខ្ពស់តាមទំនើងចិត្ត និងមិនស្តាប់តាមការណែនាំ របស់ក្រសួងពាណិជ្ជកម្ម ជាពិសេសបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចុះតម្លៃលក់ប្រេងសាំង និងត្រូវអនុវត្តចាប់ពីដើមខែកក្កដា ឆ្នាំ២០១៨មកនោះទេ។
មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បញ្ជាក់ថាភាពមិនប្រក្រតីដែលមន្ត្រីជំនាញ បានរកឃើញនៅតាមស្ថានីយលក់ប្រេងឥន្ធនៈមួយចំនួន មានដូចជា៖ ការបន្លំបរិមាណប្រេង ឬបន្លំចំណុះលីត្រ និងបន្លំគុណភាពប្រេងសាំងជាដើម។ ក្នុងនោះក៏មានស្ថានីយខ្លះទៀត បានយកគុណភាពសាំងធម្មតាមកបន្លំថា ជាសាំងស៊ុបពែរ លក់ជូនអតិថិជនជាដើម..។
បន្ថែមលើនេះ ក៏មានម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈខ្លះទៀត បានលក់ប្រេងសាំងក្នុងតម្លៃខ្ពស់ ហួសពីតម្លៃ ដែលថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ពិសេសសម្តេចប្រមុខដឹកនាំបានកំណត់បញ្ចុះតម្លៃថែមទៀតផង។
យ៉ាងនេះក្តី មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បញ្ជាក់ថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈភាគច្រើន នៅក្នុងក្រុងព្រះសីហនុ បានអនុវត្តន៍ត្រឹមត្រូវទាំងតម្លៃ និងបរិមាណ ឬចំនួនលីត្រ ស្របតាមការណែនាំ របស់ក្រសួងស្ថាប័នពាក់ព័ន្ធបានកំណត់។
ករណីមិនប្រក្រតីខាងលើនេះ មន្ត្រីកាំកុងខេត្តព្រះសីហនុ មិនព្រមបង្ហាញឈ្មោះស្ថានីយប្រេងឥន្ធនៈមួយចំនួន ដែលមានភាពមិនប្រក្រតីឲ្យប្រព័ន្ធផ្សព្វផ្សាយដឹង ជាសាធារណៈទេ។ ប៉ុន្តែបានតម្រូវឲ្យម្ចាស់ស្ថានីយប្រេងទាំងនោះ ធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរមិនត្រឹមត្រូវ ឬមានលក្ខណៈបោកប្រាស់ប្រជាពលរដ្ឋ ខុសពីបទដ្ឋានបច្ចេកទេស និងគោលការណែនាំ របស់រដ្ឋាភិបាល។ ទន្ទឹមគ្នានេះ ក៏បានព្រមានថា ក្នុងករណីមន្ត្រីជំនាញរកឃើញភាពមិនប្រក្រតីនៃការលក់ប្រេងសាំង នៅតាមស្ថានីយប្រេងឥន្ធនៈ ដែលមានបញ្ហាកន្លងមក ហើយមិនព្រមកែខ្លួន នឹងត្រូវអនុវត្តន៍វិធានការតាមផ្លូវច្បាប់រួមមាន៖ ផ្អាកមិនឲ្យធ្វើអាជីកម្មជាបណ្តោះអាសន្ន ឬក៏ផ្សព្វផ្សាយជាសាធារណៈឲ្យសាធារណៈជន បានដឹងអំពីឈ្មោះ ឬទីតាំងស្ថានីយលក់ប្រេងឥន្ធនៈដែលបោកប្រាស់ ឬលក់សាំងមិនគ្រប់លីត្រ ឬបន្លំគុណភាពសាំងទាំងនោះ ឲ្យប្រជាពលរដ្ឋដឹងជាសាធារណៈ ដើម្បីជាការព្រមាន៕ ដោយ ៖ ដែនសីមា