បន្ទាប់ពីធ្វើការរុករកអស់រយៈពេល ២ម៉ោង តាមរយៈគំនរសំរាមរាប់តោន នៅទីបំផុត កម្មករអនាម័យចំនួន ៨ នាក់ បានរកឃើញចិញ្ចៀនពេជ្រ១វង់ របស់ស្ត្រីម្នាក់ដែលបានជ្រុះចោលដោយចៃដន្យ ខណៈពេលនាងកំពុងសម្អាតនៅក្នុងទីក្រុង Yangzhou, ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃចន្ទ ។
យោងតាមកាសែត Beijing Times បានឲ្យដឹងថា ស្ត្រីម្នាក់មានឈ្មោះថា Xia បានកំពុងសម្អាតផ្ទះរបស់នាងកាលពីថ្ងៃទី១៨ ខែធ្នូ នៅពេលនោះនាងបានជ្រុះចិញ្ចៀនពេជ្រ១វង់ តម្លៃ 110.000 យ័ន (ជាង ១,៦០០០ ដុល្លារអាមេរិក) ដោយចៃដន្យ ទៅក្នុងធុងសំរាម ។ ប៉ុន្តែ វាយឺតពេលទៅហើយនៅពេលនាងដឹងថាចិញ្ចៀនពេជ្ររបស់នាងបានកំពុងបាត់ ។
នាងបានព្យាយាមអស់ពីសមត្ថភាព ដើម្បីធ្វើដំណើរទៅកាន់នាយកដ្ឋានអនាម័យ ដើម្បីរាយការណ៍ដំណឹងនេះ ប៉ុន្តែ គួរអោយសោកស្តាយ ដែលប្រធានអនាម័យនៅទីនោះ បានប្រាប់នាងថា សំរាមដែលប្រមូលពីតំបន់របស់នាង ត្រូវបានបង្រួមរួចអស់ទៅហើយ ។ បន្ទាប់មក ប្រធាននោះបានប្រាប់ Xia ឱ្យត្រឡប់មកការិយាល័យវិញនៅព្រឹកថ្ងៃបន្ទាប់ ហើយធានាថាសំរាមមិនត្រូវបានផ្ទេរទៅកាន់កន្លែងដុតទេ ។
គាត់បានបញ្ជាឱ្យឆ្មាំត្រូវឈរជើងនៅជិតគំនរសំរាមដ៏ធំនោះ ដើម្បីធានាថា សំរាមទាំងនោះនឹងមិនត្រូវបានដាក់នៅបន្ទាត់សម្រាប់ការដុត ។
សំណាងល្អ ចិញ្ចៀននេះត្រូវបានគេរកឃើញដោយជោគជ័យ នៅពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីប្រតិបត្តិការរុករកចំណាយពេលអស់ ២ ៣ ម៉ោង តាមរយៈសំរាមចំនួន ១៣ តោន ដោយមានជំនួយពីកម្មករអនាម័យចំនួន ៨ នាក់ ។ Xia ដែលសប្បាយរីករាយនឹងព័ត៌មាននេះ បានប្រាប់អ្នកយកព័ត៌មានថា សកម្មភាពរបស់កម្មករ គឺមានតម្លៃច្រើនជាងចិញ្ចៀនពេជ្រដែលមានតម្លៃថ្លៃនេះខ្លាំងណាស់ ។
នាងនិយាយថា៖ «ពួកគេនិយាយថា ពួកគេបានរកឃើញចិញ្ចៀន ហើយខ្ញុំគិតថាពួកគេគ្រាន់តែនិយាយលេងប៉ុណ្ណោះឯង ។ ខ្ញុំពិតជាដឹងគុណពួកគេខ្លាំងណាស់ ។ ទោះបីជាចិញ្ចៀននេះមានតម្លៃជាង 100.000 យ័ន ក៏ដោយ តែស្មារតីសប្បុរសធម៌របស់កម្មករនិយោជិតមានតម្លៃច្រើនជាងមិនអាចថ្លែងបានទេ ៕ ចន្ទី