ពស់ថ្លាន់ត្រូវបានគេចាត់ទុកជាពពួកសត្វល្មូនដែលមានគ្រោះថ្នាក់ខ្លាំង។ ទោះបីវាជាសត្វមិនមានពិសក្តី ប៉ុន្តែកម្លាំងរបស់វា អាចរឹតសម្លាប់ចំណីអាហារបានយ៉ាងងាយស្រួល។ គ្រាន់តែរូបរាង និងពណ៌សម្បុររបស់វា ក៏អាចធ្វើឲ្យយើងខ្លាចបានដែរ ហើយសត្វនេះ អាចលេបចំណីដែលមានទំហំធំជាងខ្លួនរបស់វាបានយ៉ាងស្រួលផងដែរ។
ប៉ុន្តែ ពស់ថ្លាន់មួយក្បាលនេះ ប្រហែលជាជួបថ្ងៃស៊យខ្លាំងបំផុតហើយ ព្រោះវាចំណីវាមានច្រើនពេញទឹកពេញដី តែបែរជាមកជ្រើសរើសយកសត្វកាំប្រម៉ា មានអី ត្រូវងាប់ទាំងពីរ។
អ្នកជិះកង់កំសាន្តម្នាក់ ដែលធ្វើដំណើរកាត់ តំបន់អភិរក្ស Lake Eland Game ស្ថិតក្នុងខេត្ត Kwazulu Natal ប្រទេសអាហ្វ្រិចខាងត្បូង បានជួបប្រទះពស់ថ្លាន់ដ៏ធំមួយក្បាល។ អ្នកជិះកង់នោះបានថតរូបរបស់វាជាច្រើនសន្លឹក និងបានបង្ហោះនៅលើបណ្តាញសង្គម បណ្តាលឲ្យមានអ្នកចូលមើលយ៉ាងច្រើន និងទាក់ទាញប្រជាជនដែលរស់នៅតំបន់នោះ ឲ្យមកមើលពស់នៅផ្ទាល់ផងដែរ។
មានមនុស្សជាច្រើនមកមើលសាកសពសត្វពស់ហើម ហើយពួកគេឆ្ងល់ថា តើវាលេបអ្វី បានជាវាងាប់។ មានសត្វព្រៃជាច្រើន ដែលពស់ថ្លាន់អាចចាប់ស៊ីបាន ប៉ុន្តែគេមិនដឹងថា តើសត្វក្នុងពោះរបស់វា ជាសត្វអ្វីនោះទេ រហូតដល់ អ្នកអភិរក្សាចាប់ផ្តើមវះពោះរបស់វា ដើម្បីរកមូលហេតុ។
នៅពេលបុគ្គលិកតំបន់នោះ ធ្វើការវះពោះរបស់វា អ្នកគ្រប់គ្នាមានអារម្មណ៍ភ្ញាក់ផ្អើល ដោយសារតែឃើញសត្វកាំប្រម៉ា ទម្ងន់ជិត ១៤គីឡូក្រាម ក្នុងពោះរបស់វា។ គេសន្និដ្ឋានថា មូលហេតុ ដែលធ្វើឲ្យពស់នោះងាប់ ដោយសារតែម្ជុររបស់សត្វកាំប្រម៉ាចាក់ក្នុងពោះរបស់វា៕ សុភ័ក្ត្រ
ប្រភព៖ trendszilla