Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនៈមន្ត្រីសំខាន់ៗជាអ្នកសង្កេតការណ៍អន្តរជាតិ ជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាប់អារម្មណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ថា ពិតជាបញ្ចប់ទៅដោយជោគជ័យ វិជ្ជាជីវៈ សេរីភាព និងលទ្ធិប្រជាធិបតេយ្យ តាមរយៈចន្ទៈប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលប់។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានសង្កេត និងវាយតម្លៃថា ការរៀបចំការបោះឆ្នោតប្រកបដោយវិជ្ជាជីវៈ និងសូមអបអរសាទរចំពោះប្រជាពលរដ្ឋ កម្ពុជា ដែលបានសម្តែងនូវឆន្ទៈ និងអនុវត្តសិទ្ធិរបស់ខ្លួន ដោយចេញទៅបោះឆ្នោតមានចំនួនយ៉ាងច្រើនបានដល់ ៨៤.៥៨%។ ដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ គណបក្សនយោបាយទាំង ១៨ បានធ្វើការឃោសនាបោះឆ្នោតដោយសេរី នៅទូទាំងប្រទេស។

លោក យូថេន សូ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសមីយ៉ាន់ម៉ា ដែលបានចូលរួមសង្កេតការណ៍ បានយល់ឃើញថា ប្រជាពលរដ្ឋកម្ពុជា ពិតជាបានអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្នាមញញឹមក្នុងការចេញទៅបោះឆ្នោតយ៉ាងច្រើន។ កែវភ្នែករបស់ប្រជាពលរដ្ឋកម្ពុជា បានរួមចំណែកក្នុងការតម្រង់ទិសប្រទេសជាតិរបស់ខ្លួន។ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់របស់កម្ពុជា បានប្រឹងប្រែងរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ។

លោក នែលស៊ុន ជេស៊ែលីស សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋហ្វីលីពីន ដែលបានចូលរួមសង្កេតការណ៍ បានពិនិត្យឃើញថា ភាគរយនៃអ្នកបោះឆ្នោត ៨៤.៥៨% នៅកម្ពុជា ខ្ពស់ជាងនៅប្រទេសហ្វីលីពីន ដែលមានត្រឹមតែ ៨៣% ប៉ុណ្ណោះក្នុងការបោះឆ្នោតឆ្នាំ២០២២កន្លងទៅនេះ។ប្រជាពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍ខ្ពស់ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ។ ការបោះឆ្នោតមានតម្លាភាព, ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ ហើយបញ្ជូនលទ្ធផលពីការិយាល័យបោះឆ្នោត ទៅគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតតាមលំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិច ដែលបញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំងគួរឱ្យជឿទុកចិត្តបាន។

លោក ម៉ាស៊ូរីស្គី កុបស្តាបទីន (H.E.Mr. Mazurevski Kopstaptin) សមាជិកគណៈកម្មការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី ដែលបានចូលរួមសង្កេតការណ៍ បានពិនិត្យឃើញថា ការរៀបចំការិយាល័យបោះឆ្នោត មានរបៀបរៀបរយ ដោយមានបិទបញ្ជីឈ្មោះអ្នក បោះឆ្នោតភ្ជាប់ជាមួយរូបថត បិទនៅខាងមុខការិយាល័យបោះឆ្នោត។ នៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតបានកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតអញ្ជើញ អ្នកបោះឆ្នោត បង្ហាញមន្រ្តីការិយាល័យបោះឆ្នោត ដែលការងារនេះជួយពន្លឿនក្នុងការរកឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដើម្បីធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅបានឆាប់រហ័ស។ ការរៀបចំសម្ភារក្នុងការិយាល័យបោះឆ្នោត មានបន្ទប់សម្ងាត់ មានហិបឆ្នោត មានទឹកខ្មៅជ្រលក់ដៃ ដែលអ្នកបោះឆ្នោតត្រូវជ្រលក់បញ្ជាក់ថាបានបោះឆ្នោតរួចហើយ។

លោក នីថេស គូម៉ា វីយ៉ាស (H.E.Mr. Nitesh Kumar Vyas) អនុប្រធានគណៈកម្មការបោះឆ្នោតនៃសាធារណរដ្ឋឥណ្ឌា ដែលបានចូលរួមសង្កេតការណ៍ បានមើលឃើញថា ទីតាំងការិយាល័យបោះឆ្នោត ផ្តល់ភាពងាយស្រួលដល់អ្នកទៅបោះឆ្នោត មានឧបករណ៍គ្រឿងសង្ហារិម មានពន្លឺ មានលំហដ៏ត្រឹមត្រូវ សម្ភារបោះឆ្នោត ត្រូវបានរៀបចំជាស្រេចនៅមុនថ្ងៃបោះឆ្នោត។អ្នកបោះឆ្នោតតម្រង់ជួរតាមលំដាប់ដោយមានរបៀបរៀបរយ។ មន្រ្តីការិយាល័យបោះឆ្នោតទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ។ ការរាប់សន្លឹកឆ្នោត មានតារាងកត់ត្រាត្រឹមត្រូវនៅចំពោះមុខភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ។

លោក អាល់ស៊ីណូ ដឺអារ៉ូ បារីស (H.E.Mr. Alcino de Araujo Baris) សមាជិកគណៈកម្មការបោះឆ្នោតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសង្កេតឃើញថា ការត្រៀមរៀបចំបានល្អមុនថ្ងៃបោះឆ្នោត, ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅល្អ និងគ្មានអំពើហិង្សា, ការិយាល័យបោះឆ្នោតមានសណ្តាប់ធ្នាប់ របៀបរៀបរយ ប្រកបដោយវិជ្ជាជីវៈ។ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាស្រដៀងគ្នានឹងប្រព័ន្ធបោះឆ្នោតនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×