ភ្នំពេញ៖តុលាការកំពូល ប្រកាសសាលដីកាឱ្យរំលាយគណបក្សសង្គ្រោះជាតិជាស្ថាពរ និងប្រកាសហាមសមាជិកជាន់ខ្ពស់គណបក្សនេះ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ គិតត្រឹមម៉ោង៥និង០៥នាទី ថ្ងៃទី១៦ ខែវិច្ឆិកានេះ។
ក្រោយដំណើរការបើកសវនាការតាំងពីម៉ោង៨និង៣០នាទីព្រឹក អស់រយៈពេលជិត១ថ្ងៃរហូតដល់ម៉ោង១៧និង០៥ល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្គ្រោះជាតិហើយ។
ជាមួយគ្នានេះលោកឌិត មន្ទីរប្រធានតុលាការបានចេញមុខមកប្រកាសហាមឃាត់ដល់មន្ត្រីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។
បើតាមផេកហ្វេសប៊ុកផ្លូវការ លោកមុត ចន្ថា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា “តុលាការកំពូលបានប្រកាសសាលដីកាសម្រេចឱ្យរំលាយគណបក្សសង្គ្រោះជាតិហើយ។ ទន្ទឹមនេះដែរ តុលាការក៏បានប្រកាសហាមឃាត់ដល់មន្ត្រីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ”។
រីឯមជ្ឈដ្ឋានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរួមទាំងលោសម រង្ស៊ី ដែលកំពុងស្ថិតនៅបរទេសផងនោះ នៅពុំទាន់ឃើញមានការប្រកាសផ្សាយមតិយោបល់អ្វីឡើយ៕ ដោយ៖បញ្ញាស័ក្តិ