ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះបានធ្វើការបណ្ដេញជនជាតិចិន ចំនួន៥នាក់ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើស ប្រើសហិង្សាដោយចេតនា ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃប្រព្រឹត្តនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកវិនិយោគ ទាំងអស់ទទួលយកពលករបរទេសដែលមានចរិកស្លូតបូតមានការអំណត់ និងធ្វើការឱ្យបានល្អ ហើយចៀសវាងពលករដែលមកប្រព្រឹត្តអំពើហិង្សា ហើយយកពលករដែលត្រឹមត្រូវតាមច្បាប់ចៀសវាងលួចឆ្លងដែនដោយខុសច្បាប់ ដែលធ្វើឱ្យរំខានដល់ចង្វាក់ផលិត នៃសហគ្រាសទាំងឡាយ ដែលសមត្ថកិច្ចចាប់ខ្លួននិងបណ្តេញចេញ។
លោកឧត្តមសេនីយ៍ឯកបន្តថាប្រទេសកម្ពុជាយើងស្វាគមន៍ ចំពោះជនបរទេសដែលត្រឹមត្រូវទៅតាមច្បាប់ បើជនបរទេសដែលមិនមានឯកសារត្រឹមត្រូវ មកធ្វើការនៅព្រះរាជាណាចក្រកម្ពុជា យើងនឹងចាប់បណ្តេញចេញទៅស្រុកកំណើតវិញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិលា បានបញ្ជាក់ថារយៈពេល៧ខែ ក្នុងឆ្នាំ២០១៨នេះ ជនបរទេសដែលលួចឆ្លងដែនមកស្នាក់នៅខុសច្បាប់ និងប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ ដែលកម្លាំងអគ្គនាយដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយរាជធានី-ខេត្ត បានបណ្តេញចេញចំនួន៦៦៧នាក់ (ស្រី១២៥នាក់) មាន៣០ សញ្ជាតិ ក្នុងនោះជនជាតិចិនមានចំនួន៣៣៩នាក់ (ស្រី៥២នាក់) ។
ថ្លែងក្នុងសិន្នសីទសារព័ត៌មាន លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ក្រោយបង្ក្រាបបានជនជាតិចិនទាំង៥នាក់ ដែលពាក់ព័ន្ធការបង្កអំពើហិង្សានេះ នាយកដ្ឋាននឹងធ្វើការបណ្ដេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ហើយមិនអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញម្ដងទៀតបាននោះទេ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្រៅពីការបង្កហិង្សាហើយនោះ ជនជាតិចិនទាំង៥នាក់នេះ ក៏មានបទល្មើសផ្សេងមួយទៀត គឺចូលមកធ្វើការនៅកម្ពុជាដោយខុសច្បាប់ គ្មានសៀវភៅការងារត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក៏បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មាន រាល់ជនបរទេសដែលលួចលាក់ស្នាក់នៅ និងប្រព្រឹត្តបទល្មើស ដល់សមត្ថកិច្ចដែលនៅជិតបំផុតដើម្បីទប់ស្កាត់ការប្រព្រឹត្ដបទល្មើសផ្សេងៗ៕ ដោយ ៖ កូឡាប