ស្ត្រីកម្មករចាក់សាំងម្នាក់ នៅភាគខាងកើតនៃប្រទេសចិន បាននិងកំពុងទទួលការកោតសរសើរជាខ្លាំង ចំពោះភាពដ៏រហ័សរហួនរបស់នាង ក្នុងការដោះស្រាយស្ថានការណ៍ដ៏គ្រោះថ្នាក់អាចបណ្តាលឲ្យរាលដាលធំធេងមួយ ខណៈពេលដែលម៉ូតូ១គ្រឿងចូលចាក់សាំងត្រូវភ្លើងឆាប់ឆេះ ក្នុងរយៈពេលត្រឹមតែ ១២ វិនាទី ប៉ុណ្ណោះ ។
ហេតុការណ៍នេះបានកើតឡើងនៅកន្លែងស្ថានីយ៍ចាក់សាំងមួយកន្លែង នៅក្នុងខេត្ត Jiangxi កាលពីថ្ងៃទី៩ កក្កដា ប៉ុន្តែ វីដេអូទើបត្រូវបានគេចែករំលែកនៅលើអនឡាញ នាពេលថ្មីៗនេះ ។
កម្មករស្រីរូបនេះដែលមានឈ្មោះថា Song Juanjuan បន្ទាប់ចាក់សាំងសម្រាប់ម៉ូតូ១គ្រឿងនោះរួច នាងក៏បន្តចាក់សាំងដល់ម៉ូតូ១គ្រឿងទៀត ប៉ុន្តែ ភ្លាមៗនោះ ម៉ូតូចាក់សាំងរួច និងកំពុងរៀបបញ្ឆេះចេញដំណើរ ស្រាប់ត្រូវភ្លើងឆាប់ឆេះសន្ធោសន្ធៅតែម្តង ។
ខណៈពេលអតិថិជនដទៃទៀត ដែលភ័យស្លន់ស្លោ នាំគ្នាប្រញាប់ប្រញាល់ចាកចេញពីបរិវេណស្ថានីយ៍ Song ក៏បានស្ទុះទៅចាប់យកឧបករណ៍ពន្លត់អគ្គីភ័យ និងបាញ់ឧស្ម័នទៅកាន់ប្រភពភ្លើង ។
យោងតាមសារព័ត៌មានចិន នោះ Song អាចពន្លត់ភ្លើងក្នុងរយៈពេលត្រឹម ១២ វិនាទី ប៉ុណ្ណោះ ។
ក្នុងខណៈពេលដ៏អាសន្ននោះផងដែរ បុគ្គលិកចាក់សាំងស្រីម្នាក់ទៀត ឈ្មោះ Liu Zhuqin បានចេញពីខាងក្នុងហាងស្ថានីយ៍ ដើម្បីជួយដល់ Song ផងដែរ ។
អ្នកលេងអ៊ិនធឺរណែតជាច្រើនបានកោតសរសើរជាខ្លាំង ចំពោះសកម្មភាពដ៏ក្លាហានរបស់ Song យ៉ាងដូច្នេះថា៖ «សូមសរសើរ ពិតជាធ្វើការលឿនមែន!», «ខ្ញុំសូមកោតសរសើរដល់ភាពក្លាហានរបស់មីង!», «ជំនាញគ្រាអាសន្នរបស់មីង គឺពិតជាអស្ចារ្យណាស់» ៕ ឧត្តម (ប្រភព៖nextshark)