អ្នកមើល “អត់ដង្ហើម” ពេលឃើញទារកដំបូងត្រូវបានវេជ្ជបណ្ឌិតទាញចេញពីពោះម្តាយ រួចទី២ , ទី ៣ , ៤,៥… ហើយ ៥ នៅតែពុំទាន់អស់តួលេខចុងក្រោយរបស់ការសម្រាលកូន ដោយវះកាត់ ។
ឪពុកម្តាយគ្រប់រូបសុទ្ធតែទន្ទឹងរង់ចាំដល់ថ្ងៃកូនប្រសូត្រចេញមក ។ នោះជាអំឡុងពេលដ៏រំភើបអស្ចារ្យក្រោយ ៩ខែ ១០ថ្ងៃ ពរពោះដ៏លំបាកលំបិន ។
វីដេអូ ដ៏កម្រមួយ បង្ហាញពីការសម្រាលកូនភ្លោះដល់ទៅ ៦ នាក់ ធ្វើឲ្យអ្នកបានទស្សនាសឹងតែមិនដកដង្ហើម ពុំគ្រាន់តែដោយសារចំនួនទារកដ៏ច្រើនប៉ុណ្ណោះទេ តែនៅដោយសារល្បឿនវះកាត់របស់អេគីប ។
វីដេអូនេះបង្ហោះលើ instagram ផ្ទាល់ខ្លួនរបស់វេជ្ជបណ្ឌិតជនជាតិទួរគី ១រូប ឈ្មោះ Banu Thin Demirpençe មុននេះប៉ុន្មានថ្ងៃ ។ ក្នុងវីដេអូ អេគីបរួមមានវេជ្ជបណ្ឌិត ២រូប រួមនឹងគិលានុប្បដ្ឋាន១ចំនួន បានទាញយកទារកម្តង១ យ៉ាងរហ័ស និងស្ទាត់ជំនាញបំផុត ។ ការវះកាត់ប្រព្រឹត្តទៅដោយជោគជ័យ ហើយទារកទាំង ៦ សុទ្ធតែមានសុភាពល្អ និងបន្លឺសម្លេងយំឡើងទ្រហឹងក្នុងបន្ទប់វះកាត់ ។
នេះជាករណីសម្រាលកូនដោយការវះកាត់ដ៏កម្រជួបមួយ ដែលសូម្បីតែក្រុមគ្រូពេទ្យក៏ភ្ញាក់ផ្អើលពេលទារក ៦នាក់ កើតចេញជាបន្តបន្ទាប់ និងសុទ្ធសឹងរឹងមាំ ៕ លីសា