ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ការហាមឃាត់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក នូវផលិតផលឱសថបំប៉នផ្លូវភេទបុរស ឈ្មោះ FORCE ដោយផលិតផលនេះគ្មានចុះបញ្ជិកា និងគ្មានការត្រួតពិនិត្យពីក្រសួងសុខាភិបាលឡើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ដល់សាធារណជនទូទៅថា ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឲ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិត(ស្លាប់ដោយសារការគាំងបេះដូង)។ ផលិតផលនេះ នាំចូលពីប្រទេសបារាំង ហើយបានធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រុវ នូវឱសថបំប៉នសុខភាព FORCE ដោយភូតកុហក និងបំផ្លើសហួសពីការពិតមានដូចជា ធ្វើឲ្យប្រដាប់ភេទបុរសធំជាងមុន រឹងជាងមុន ជំនួយដល់ក្រលៀន ក្រពេញប្រូស្តាត អាចជួយព្យាបាលអ្នកដែលមានបញ្ហាទឹកនោមផ្អែម ទឹកនោមប្រៃ លើសឈាម និងបញ្ហាក្រពះ។ល។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់ជីវិត ដោយសារគាំងបេះដូង របស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល ស្នើបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រុវឈប់ប្រើប្រាស់ផលិតផលឱសថបំប៉នផ្លូវភេទបុរសនេះ ដោយផលិតផលនេះពុំបានត្រួតពិនិត្យគុណភាព គ្មានការបញ្ជិកា គ្មានក្រុមហ៊ុនស្របច្បាប់ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ ក្រសួងសុខាភិបាល នឹងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឺងបំផុតចំពោះម្ចាស់គណនីហ្វេសប៊ុក ឬជនណា ដែលបន្ត នាំចូល ផ្សព្វផ្សាយ ចែកចាយ លក់ ឱសថបំប៉នផ្លុវភេទបុរសនេះ ស្របតាមច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ៕ ដោយ ៖ កូឡាប