ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំកែលម្អប្រឡាយស្ទឹងមានជ័យ ដែលកំពុងទទួលការអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសគឺបងប្អូនរស់នៅទីតាំងនេះតែម្ដង ព្រោះបានទទួលនូវប្រឡាយស្អាត ផ្លូវល្អ ភ្លើង-ទឹកគ្រប់គ្រាន់ ពិសេសគឺកម្មសិទ្ធិដីធ្លីត្រឹមត្រូវ។
លោក អភិបាលបានផ្តាំផ្ញើដល់ជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ប្រឡាយបេតុងស្ទឹងមានជ័យនេះឱ្យបានឆាប់រហ័សទាំងគុណភាព និងប្រសិទ្ធភាពការអនុវត្តការងារ។
លោកឃួង ស្រេងបានជម្រុញអោយមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរដែនដី បន្តការងារបុកស៊ីផាយ ចាក់ដីបំពេញ ដើម្បីប្រគល់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅប្រឡាយស្ទឹងមានជ័យ ជំហានទី២ និងជំហានបន្តបន្ទាប់ទៀតខណៈជំហានទី១បានបញ្ចប់ ដោយបានប្រគល់ដីជូនប្រជាពលរដ្ឋរួចរាល់ហើយនោះ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការងាររៀបចំកែលម្អប្រឡាយស្ទឹងមានជ័យ បាននឹងកំពុងទទួលការអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសគឺបងប្អូនរស់នៅទីតាំងប្រឡាយនេះតែម្តងព្រោះបានទទួលនូវប្រឡាយស្អាត ផ្លូវល្អ ភ្លើង-ទឹកគ្រប់គ្រាន់ ពិសេសគឺផ្ទះសំបែងត្រឹមត្រូវ។ ក្នុងនោះអភិបាលរាជធានី លោកបានផ្តាំផ្ញើដល់ជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ប្រឡាយបេតុងស្ទឹងមានជ័យនេះឱ្យបានឆាប់រហ័សទាំងគុណភាព និងប្រសិទ្ធភាពការអនុវត្តការងារ។
លោក ម៉េតមាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងក្រោយកិច្ចប្រជុំនេះថា ការដ្ឋានប្រឡាយស្ទឹងមានជ័យនេះ ក្នុងជំហានទី១រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារ ដោយបានចាក់ដីបំពេញនៅមាត់ប្រឡាយព្រមទាំងផ្តល់កម្មសិទ្ធិ
ដីទំហំ៤គុណនឹង៦ម៉ែត្រជូនប្រជាពលរដ្ឋបានបានជាង១០០គ្រួសារហើយនៅសល់៤១០គ្រួសារឬក្បាលដីក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ចំនួន៥៧៣គ្រួសារ។
លោកម៉េត មាសភក្តីបានបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីតំបន់ព្រលានយន្តហោះភ្នំពេញ ហូរនាំទឹកទំលាក់ចូលមកប្រឡាយស្ទឹងមានជ័យនេះ ទើបបន្តហូរទំលាក់បន្តទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមាន ជ័យមានទំហំ៨ម៉ែត្រ ។
លោកជូ គឹមទ្រី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងផងដែរថា ការដ្ឋានស្ថាបនាប្រឡាយស្ទឹង មានជ័យនេះ ក្នុងជំហានទី១នេះ យើងអនុវត្តការងារលើការបុកស៊ីផាយបានសម្រេចប្រវែង២២៦ម៉ែត្រសងខាងហើយ ក្នុងប្រវែងសរុបចំនួន៣២៨ម៉ែត្រសងខាង ក្នុងនោះក្រុមការងារក៏បានដាក់លូប្រអប់បាន៥៣កង់ ។ ក្រោយបញ្ចប់ជំហានទី១នេះ យើងនឹងបន្តបុកស៊ីផាយជំហានទី២ទៀត ដែលមានប្រវែង២៥២ម៉ែត្រសងខាង។
គួរបញ្ជាក់ថា នៅតំបន់ប្រឡាយស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យមានប្រវែង១៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមាន ជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៧៣គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង៕ ដោយ ៖ កូឡាប