Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្សី​បដិសេធ​សេចក្តីសម្រេច​របស់ UN ក្នុង​ការបន្ត​ពេលវេលា​ឲ្យ​ស៊ើបអង្កេត​ករណី​ប្រើ​អាវុធ​គីមី នៅ​ស៊ី​រី​

​ប្រទេស​រុស្សី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​បដិសេធ​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ ដែល​បោះឆ្នោត​ដើម្បី​បន្ត​ពេលវេលា​ឲ្យ​ក្រុម​ឯករាជ្យ​បន្ត​ការស៊ើបអង្កេត​ករណី​ប្រើប្រាស់​អាវុធ​គីមី នៅក្នុង​ប្រទេស​ស៊ី​រី​កន្លងទៅ​។​

​ការបដិសេធ​របស់​រុស្សី បាន​ធ្វើឲ្យ​មាន​ការរិះគន់​ពី​សំណាក់ឯ​ក​អគ្គរដ្ឋទូត​អា​មេ​រិច​គឺ​អ្នកស្រី Nikki Haley ដែល​បាន​និយាយថា រុស្សី​បាន​បំផ្លាញ​កិច្ច​ប្រឹងប្រែង​របស់​អង្គការសហប្រជាជាតិ ដែល​ព្យាយាម​វែកមុខ​អ្នក​ដែល​បាន​ប្រើប្រាស់​អាវុធ​គីមី និង​ទប់ស្កាត់​ការប្រើប្រាស​វា​នាពេល​អនាគត​។​

​ឯកអគ្គរដ្ឋទូត​ប្រទេស​បារាំង François Delattre ដែល​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​សំដែង ការភ្ញាក់ផ្អើល​ផងដែរ ហើយ​លោក​ថ្លែងថា វា​ធ្វើឲ្យ​មាន​ការពិបាក​សម្រាប់​អនាគ​ត​។​

​ការបោះ​ឆ្នោត​លើ​សេចក្តីសម្រេច ទទួលបាន​សំឡេង​គាំទ្រ ១១ និង​ប្រឆាំង ២ និង​អនុវាទ ២​។ ប៉ុន្តែ​ដោយសារតែ​មាន​ការបោះឆ្នោត​ប្រឆាំង ១​ពី​ប្រទេស​រុស្សី​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ ដូច្នេះ​សេចក្តីសម្រេច​នោះ​មិន​អាច​អនុម័ត​បានទេ​។​

​ដូច្នេះ​កិច្ចការ​របស់​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​បាន​ផុតកំណត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះ​តែម្តង​។​

​កាលពី​ខែ មេសា មនុស្ស​ជាង ៨០​នាក់ រួម​មាន​កុមារ​ជាច្រើន​នាក់ បាន​ស្លាប់​ដោយសារ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​តំបន់​ដែល​កាន់កាប់​ដោយ​ពួក​បះបោរ ស្ថិត​ក្នុង​ក្រុង Khan Sheikhoun ប្រទេស​ស៊ី​រី​។ ជា​ការឆ្លើយតប​នឹង​ការប្រើប្រាស់​អាវុធ​គីមី សហរដ្ឋ​អា​មេ​រិច​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​ចំនួន ៥៩​គ្រាប់​ទៅលើ​មូលដ្ឋាន​ទ័ពអាកាស​របស់​ស៊ីរី​។​

​បើ​តាម​របាយការណ៍​រួម​កាលពី​ខែ​មុន របស់​អ្នក​ត្រូតពិនិត្យ​អាវុធ​គីមី របស់​អង្គការសហប្រជាជាតិ និង​អន្តរជាតិ​បាន​កំណត់​ថា របប​ស៊ី​រី​របស់​ប្រធានាធិបតី Bashar al-Assad ជា​អ្នក​ប្រើប្រាស់​អាវុធ​គីមី​ក្នុង​ការវាយប្រហារ​។​

​តែ​ទោះ​យ៉ាងណា ប្រទេស​នេះ​បាន​បដិសេធ​ជាច្រើន​ដង និង​លើកឡើង​ថា​ខ្លួន​មិន​មាន​អាវុធ​គីមី​នោះទេ​៕ សុភ័ក្ត្រ​

×