តាកែវ៖ ថ្លែងប្រាប់អ្នកសារពត័មាននៅក្នុងឱកាសចុះពិនិត្យមើលស្ថានភាពទឹកជំនន់ជនលិច នៅតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងស្រុកសំរោងនារសៀលថ្ងៃទី ១៩ ខែកក្កដា ២០១៨ នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទឹកស្ទឹងស្លាគូរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលអាងស្តុបទឹកពកត្របែក ត្រូវបានបើកបង្ហូរចុះមកក្រោម ដើម្បីរំដោះការជនលិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅខាងលើ ។
ឯកឧត្តម បានមានប្រសាសន៏បន្តថា ការរំដោះទឹកចេញពីអាងស្តុបទឹកពកត្របែកនេះ បានធ្វើអោយមានការជនលិចមកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងស្លាគូរ យ៉ាងកំហ៊ុក ដែលក្នុងនោះ មានឃុំចំនួន ៣ក្នុងស្រុកសំរោង កំពុងមានការលិចខ្លាំង ហើយស្ថានភាពទឹកវិញ គឺនៅមិនទាន់មានការថយចុះនៅឡើយ ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលមានកូចតូចៗ ចាស់ជរា សត្វចិញ្ចឹម ត្រូវតែរកទីទួលសុវត្តិភាព ដែលក្រុមអាជ្ញាធរបានរៀបចំ ដើម្បីជៀងវាងការកើតមានគ្រោះថ្នាក់ ឬបាត់បង់នៅទ្រព្យសម្បត្តិរបស់ប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវប្រុងប្រយ័ត្នអោយមែនទែនលើសត្វអាសេរពិស និងជម្ងឺឆ្លងផងដែរ ហើយក្នុងពេលនេះ ក្រុមមន្ត្រីជំនាញរបស់យើង រួមមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក បាននិងកំពុងដុតដៃដុតជើងគ្នា ក្នុងការកាយទំនប់មួយចំនួន ដើម្បីរំដោះទឹកទាំងនោះចេញអោយបានឆាប់រហ័ស បញ្ចៀសការលិចលង់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ។
នៅក្នុងកិច្ចអន្តរាគមន៏រំដោះទឹកចេញពីការលិចលុងផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនោះដែរ លោក ណុប នី ប្រធានមន្ទីរសាធារណៈការខេត្តបានឲ្យដឹងថា គ្រប់មន្ទីរជំនាញទាំងអស់បាននិងកំពុងប្រើគ្រឿងចក្រ ធ្វើការកាយបើកទំនប់ និងការកាយនៅកាកសំណល់មួយចំនួន ដែលហូរចូលមកផ្តុះនៅតាមមាត់ស្ពានមួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ ពីរ ដែលការកាយកាកសំណល់នេះ គឺយើងបញ្ចៀសបាននៅការបាក់ស្ពាន និងសម្រួលដល់ទឹកអោយមានការហូរលឿន ថែមទៀត ។ គួរបញ្ជាក់ផងដែរ ថា កន្លងមកខេត្តតាកែវ របស់យើងក៏ធ្លាប់ជួបគ្រោះទឹកជំនន់នេះដែរ តែទោះជាយ៉ាងណាក្តី គ្រប់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បាន និងកំពុងសហការគ្នា ធ្វើការជួយសង្គ្រោះ និងជួយសម្រួលរកទីទួលសុវត្តិភាព ដល់បងប្អូនប្រជាពលរដ្ឋ ។
ដោយឡែកសម្រាប់ការខូចខាតផលដំណាំស្រូវវស្សាវិញ គឺមានការខូចជិត ១ពាន់ហិតកាហើយ មកដល់ពេលនេះ នៅស្រុកចំនួន២ ស្រុកសំរោង និងស្រុកត្រាំកក់ ហើយវានិងបន្តខូចខាតបន្ថែមទៀត បើសិនជាស្ថានភាពទឹកនៅតែបន្តមានការកើនឡើង និងមានភ្លៀងធ្លាក់បន្តរាល់ថ្ងៃបែបនេះ នេះបើតាមការអោយដឹងពីលោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ៕ តាកែវ