រាជធានីភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលជូនដល់គ្រូបង្ហាត់ និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រយៈពេល ៥ ថ្ងៃ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវ បានបិទបញ្ចប់នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាព ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ទេព នីថា បានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជី បោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមាន គុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោតផងដែរ។
ឯកឧត្តមមានប្រសាសន៍ទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គឺជាឆ្នាំទីប្រាំបីហើយ ចាប់តាំងពី គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយប្រើប្រាស់ប្រព័ន្ធជីវមាត្រ (Biometric System) សម្រាប់ដៅសម្គាល់ ទិន្នន័យអត្តសញ្ញាណដែលមានតែមួយគត់សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ កាលពីឆ្នាំ២០១៦។ ការចុះឈ្មោះ បោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ត្រូវបានរៀបចំក្រោមកិច្ចសហការគាំទ្រ និងផ្ដល់ ជំនួយពីប្រទេសជាមិត្ត ដែលរួមមានសហភាពអឺរ៉ុប និងប្រទេសជប៉ុន ទាំងផ្នែកសម្ភារបរិក្ខារ និង បច្ចេកទេស និងត្រូវមជ្ឈដ្ឋានជាតិ និងអន្តរជាតិ វាយតម្លៃថាមានគុណភាពខ្ពស់ និងអាចជឿទុកចិត្ត បាន ហើយបញ្ជីបោះឆ្នោតនេះត្រូវបាន គ.ជ.ប រៀបចំធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំតាមការកំណត់ នៃច្បាប់ ដើម្បីធានាឱ្យបាននូវភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព
ការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬទើបគ្រប់អាយុ ១៨ ឆ្នាំ ឬដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ ការកែតម្រូវឈ្មោះ ឬ/និងទិន្នន័យរបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ឱ្យបានត្រឹមត្រូវ តាមឯកសារផ្លូវការដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត
ការផ្លាស់ប្តូរទិន្នន័យឯកសារចុះឈ្មោះបោះឆ្នោតពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែល អស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ផ្អែកតាម អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលមានសុពលភាព
- ការផ្ទេរការិយាល័យបោះឆ្នោត ពីភូមិមួយទៅភូមិមួយទៀតក្នុងឃុំ សង្កាត់ ឬទៅឃុំ សង្កាត់ផ្សេង និង
ការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និង ច្បាស់លាស់ សម្រាប់អ្នកដែលទទួលមរណភាព ឬត្រូវបានដកហូតជាបណ្តោះអាសន្ននូវ សិទ្ធិបោះឆ្នោត ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬបានផ្លាស់លំនៅឋាន ឬ ទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។
ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប ជម្រាបជូនបន្ថែមទៀតថា បញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប តែងតែត្រូវបានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ធ្វើសវនកម្មជារៀងរាល់ឆ្នាំ ហើយផ្អែកតាមលទ្ធផលនៃការសិក្សារយៈពេលពីរឆ្នាំចុងក្រោយនេះ អង្គការ ខុមហ្វែល បានវាយតម្លៃថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ មានភាពពេញលេញ ៩៨,៦៧ ភាគរយ ហើយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ២០២៣ កន្លងមក គឺអាចទទួលយកបាន។
ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ឯកឧត្តម ទេព នីថា បានបញ្ជាក់ជូនថា គ.ជ.ប តែងតែយក ចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ដែលជាប្រតិបត្តិករអនុវត្ត ផ្ទាល់ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានណែនាំដល់គ្រូបង្ហាត់ គ.ជ.ប ទាំងអស់ត្រូវត្រៀមរៀបចំសម្ភារឧបទេស និងត្រៀម លក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តនៅថ្នាក់ គ.ជ.ប ជូនលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំ ការបោះឆ្នោត តំណាងភាគីពាក់ព័ន្ធ តាមផែនការ និងប្រតិទិនដែលបានកំណត់ ហើយអង្គភាព ជំនាញត្រូវយកចិត្តទុកដាក់ណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត អំពីការងារបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត និងការងារផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ និង ភាគីពាក់ព័ន្ធ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមគោលការណ៍ណែនាំរបស់
គ.ជ.ប ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប គឺ ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមសរុបចំនួន៦០នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី