តាមគេហទំព័រ DKN របស់វៀតណាម ឲ្យដឹងថា វៀតណាម និងប្រទេសជាច្រើននៅទីបអាស៊ី អឺរ៉ុប និងអាមេរិក សុទ្ធសឹងស្ថិតក្នុងតំបន់គ្រោះថ្នាក់ បើតាមកូអ័រដឺណេ ដែលប្រកាសផ្សាយដោយ ESA ។តាម Mirror ពួកអ្នកវិទ្យាសាស្ត្រអវកាសកំពុងប្រឹងប្រែងតាមឃ្លាំមើលស្ថានីយ៍អវកាស Tiangong-1 របស់ចិន ដែលកំពុងបាត់បង់ការគ្រប់គ្រងហើយធ្លាក់សំដៅមកលើផែនដី។ ស្ថានីយ៍ដែលមានទំងន់៨,៥តោននេះ លែងត្រួតត្រាបាននៅឆ្នាំ ២០១៦ ជាហេតុនាំឲ្យនឹងកើតមានការប៉ះទង្គិចពុំអាចព្យាករណ៍ដឹងមុនបាន ទាំងពេលវេលាក៏ដូចជាទីតាំងជាក់លាក់ ដែលវានឹងធ្លាក់ចុះ។
ប៉ុន្តែថ្មីៗនេះ ស្ថាប័នអវកាសទ្វីបអឺរ៉ុប (ESA) បានប្រកាសព័ត៌មានពីតំបន់ Tiangong-1 អាចធ្លាក់។ “ផ្អែកតាមសណ្ឋាននៃតារាវិថីរបស់ស្ថានីយអវកាសនេះ យើងអាចទាត់ចោលលទ្ធភាពដែលបំណែកណាមួយនោះរបស់វាខ្ទាតចេញក្រៅរយៈទទឹង ៤៣ដឺក្រេ ភាគខាងជើង និង៤៣ដឺក្រេភាគខាងត្បូង។ ប្រការនេះមានន័យថា Tiangong-1 អាចធ្លាក់ចំទីតាំងណាមួយនោះលើផែនដីក្នុងចន្លោះរយៈទទឹងខាងលើ ឧទាហរណ៍ដូចជាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប។
អ្នកជំនាញការនៅបានពន្យល់លំអិតបន្ថែមថា ៖ បណ្តាចំណែករបស់Tiangong-1 ក៏អាចបាចសាចទៅលើបណ្តាទីក្រុងធំៗដូចជា LA ញូវយ៉ក របស់អាមេរិក បារាំង អេស្ប៉ាញ អ៊ីតាលី ។ល។ នៅទ្វីបអឺរ៉ុប។ ប្រការដែលគួរឲ្យចាប់អារម្មណ៍ត្រូវបានគេហទំព័រនេះលើកឡើងថា គឺនៅទ្វីបអាស៊ី វៀតណាមក៏ស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ផងដែរ តាមការព្យាករណ៍របស់ ESA។
តាមការព្យាករណ៍របស់ ESA ពេលវេលាដែលស្ថានីយ៍នេះ ធ្លាក់ចូលដល់បរិយាកាសរបស់ផែនដី គឺអំឡុងខែ ២/២០១៨។ ខណៈពេលនោះបណ្តាផ្នែកទាំងឡាយរបស់ស្ថានីយ៍អវកាសនេះនឹងឆេះខ្លោច ប៉ុន្តែអ្នកវិទ្យាសាស្ត្រព្រមានថា អាចមាននូវដុំលោហៈធំៗពុំទាន់ឆេះអស់ និងធ្លាក់មកលើផែនដី។ បង្កមហន្តរាយជីវិតមនុស្ស និងទ្រព្យសម្បត្តិ តាមអ្នកជំនាញការឲ្យដឹងថា គេអាចដឹងបានមុនប្រមាណ ពី៦-៧ម៉ោងប៉ុណ្ណោះនៅមុនពេលដែលវាធ្លាក់ដល់ដី៕ សូយន