ខេត្តកំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានសរសេរសារជូនដំណឹងបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក របស់លោក ដោយបានជម្រាបដល់ដល់បងប្អូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងនាមអាជ្ញាធរខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ សូមផ្អាកការធ្វើចរាចរណ៍មួយរយៈ។
ឯកឧត្តមបន្តថា មូលហេតុនៃការផ្អាកធ្វើចរាចរណ៍ផ្លូវជាតិលេខ៤ពេលនេះ គឺដោយសារ ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ៩០(កំពង់ស្ពឺ) និងគីឡូម៉ែត្រលេខ១១៥(ព្រះសីហនុ)។
ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា បើបងប្អូនទទួលបានព័ត៌មាននេះ ឬបើបងប្អូន មានបំណងអញ្ជើញទៅខេត្តព្រះសីហនុ និងខេត្តកោះកុង សូមមេត្តាប្រើប្រាស់ផ្លូវជាតិលេខ ៤១ និង ផ្លូវជាតិលេខ៣ជំនួសវិញ៕ ដោយ ៖ ដែនសីមា