ខេត្តព្រះសីហនុ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅចំណុចស្ពានស្ទឹងសំរោង នាព្រឹកថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៨ ប្រយោជន៍ដើម្បីរិះរកវិធីដោះស្រាយបញ្ហានានា កើតចេញពីផលប៉ះពាល់ ដែលបណ្តាលមកពីជំនន់ទឹកភ្លៀងក្នុងប៉ន្មានថ្ងៃមកនេះ។
នាឱកាសនោះដែរ ឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុ ដែលបង្ហាញវត្តមាននៅទីនោះ មានប្រសាសន៍ថា កាលពីថ្ងៃត្រង់ម្សិលមិញ ចរាចរណ៍នៅចំណុចស្ពានស្ទឹងសំរោងនេះ បានបើកឲ្យរថយន្តតូចឆ្លងកាត់ម្តងរួចមកហើយ ក្រោយទឹកស្រកផុតពីផ្លូវ។ ប៉ុន្តែលោកថា ពេលនេះ ដោយសារមានភ្លៀងធ្លាក់បន្ត ទឹកបានហក់ឡើងវិញ ចាប់តាំងពីម៉ោងជិត ៣យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២០ ខែកក្កដា អាជ្ញាធរ ក៏បានបង្ខំចិត្តបិទផ្អាកចរាចរណ៍មុនឲ្យបើកឆ្លងកាត់ ជាបណ្តោះអាសន្នម្តងទៀត។
ត្រង់ចំណុចនេះ ឯកឧត្តម យន្ត មីន បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ អ្នកជំនួញ និងសាធារណៈជនទូទៅ ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ហើយត្រូវផ្អាកមិនឲ្យដំណើរការជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ៕ ដោយ ៖ ដែនសីមា