បុរសម្នាក់បានសម្រេចចិត្តធ្វើការពិសោធន៍មួយ ដោយគាត់បានទម្លាក់កាបូបលុយចោលនៅលើដងផ្លូវ ដើម្បីចង់ដឹងថា តើអ្នកដែលរើសបាន យកទៅឲ្យម្ចាស់ដើមគេវិញឬអត់?
នៅថ្ងៃធ្វើការពិសោធន៍ គាត់បានប្រទះឃើញស្ត្រីវ័យចំណាស់ម្នាក់ដែលដើររើសសំបកកំប៉ុងតាមដងផ្លូវ។ គាត់ឃើញស្ត្រីចំណាស់នោះរើសបានកាបូបរបស់គាត់ ហើយគាត់គិតក្នុងចិត្តថា ស្ត្រីអ្នករើសអេតចាយនោះ អាចនឹងយកកាបូបលុយទុក ប៉ុន្តែ ការវាយតម្លៃរបស់គាត់គឺខុសទាំងស្រុង ហើយអ្វីដែលស្ត្រីចំណាស់ក្រីក្រម្នាក់នោះធ្វើ គឺធ្វើឲ្យគាត់រំជួលចិត្តជាខ្លាំង និងជារឿងនឹកស្មានមិនដល់។
ស្ត្រីចំណាស់រូបនោះ ចិញ្ជឹមជីវិតដោយសារតែការរើសសំរាម និងរបស់របរក្នុងធុងសំរាមយកទៅលក់។ ស្ត្រីរូបនេះ ក្រទ្រព្យមែនពិត ប៉ុន្តែចិត្តរបស់គាត់មិនក្រនោះឡើយ។
បើតាមវីដេអូដែលលួចថតបានបង្ហាញថា នៅពេលរើសបានកាបូប លោកយាយម្នាក់នោះ គាត់បានឆែកមើលក្នុងកាបូប ដោយឃើញលុយ និងអត្តសញ្ញាប័ណ្ឌផងដែរ។
នៅពេលឆែកមើលកាបូបរួចហើយ គាត់បានអង្គុយសម្លឹងមើលឆ្ងាយ ហាក់កំពុងគិតអ្វីមួយប៉ុន្តែមួយស្របក់ក្រោយមក គាត់ក៏បានក្រោកឈរ និងដើរចេញ ដោយកាន់កាបូបលុយនៅនឹងដៃ។
ដំបូងឡើយ បុរសដែលតាមថតសកម្មភាពគាត់ មិនដឹងថាគាត់កំពុងទៅណាឡើយ ហើយក៏សម្រេចចិត្តដើមគាត់ ប៉ុន្តែមួយសន្ទុះក្រោយមក គាត់ក៏មានអារម្មណ៍ភ្ញាក់ផ្អើល នៅពេលឃើញស្ត្រីចំណាស់ម្នាក់នោះ បានទៅកាន់ប៉ុស្តិ៍ប៉ូលិស។
បន្ទាប់ពីចូលប៉ុស្តិ៍ប៉ូលីសបានមួយសន្ទុះ គាត់ក៏បានត្រឡប់ចេញមកវិញ ដោយដៃទទេ រួចដើរ ត្រឡប់ទៅផ្ទះ។
យើងអាចសន្និដ្ឋានបានយ៉ាងច្បាស់ថា គាត់ប្រាកដជាយកកាបូបលុយដែលគាត់រើសបាននោះ ទៅឲ្យប៉ូលីស ដើម្បីឲ្យជួយស្វែងរកម្ចាស់វាវិញ។
បុរសដែលតាមថត គឺមានអារម្មណ៍ក្តុកក្តួលខ្លាំង នៅពេលឃើញសកម្មភាពរបស់ស្ត្រីរូបនោះ។ ទោះបីជាជីវិតជួបការលំបាកក៏ដោយ ស្ត្រីរូបនោះ បានធ្វើរឿងដ៏ត្រឹមត្រូវ ដែលមនុស្សភាគច្រើនមិនអាចធ្វើរឿងដូចគាត់។ គាត់អាចយកកាបូបនោះទុកបាន ព្រោះគ្មាននរណាគេឃើញ ប៉ុន្តែគាត់សុខចិត្តយកវាទៅឲ្យប៉ូលីស។
អ្វីដែលយើងបានរឿងសូត្រពីរឿងនេះគឺថា “កុំប្រញាប់វាយតម្លៃមនុស្សក្នុងផ្លូវអាក្រក់លឿនពេក ដោយគ្រាន់តែឃើញរូបរាងខាងក្រៅរបស់ពួកគេ។ មនុស្សល្អម្នាក់ មិនស្ថិតលើរូបរាងខាងក្រៅនោះទេ ប៉ុន្តែស្ថិតលើផ្លូវចិត្តរបស់ពួកគេ។ មនុស្សស្អាតមិនប្រាកដថាជាមនុស្សល្អ ហើយមនុស្សល្អ ក៏មិនប្រាកដថាស្អាតដែរ”៕ សុភ័ក្ត្រ
ប្រភព៖ Good Times