ប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាអ្នកនិយមលេងបណ្តាញសង្គម បានផ្ទុះការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំង បន្ទាប់ពីទំព័រហ្វេសប៊ុក «តើការបើកបររបស់ខ្ញុំដូចម្តេចដែរ ? How is my driving ?» បានធ្វើការស៊ើបអង្កេត និងសម្រេចចិត្តបើកទម្លាយចេញជាបន្តបន្ទាប់ នូវរឿងដ៏រសើប របស់ស្រ្តីវ័យក្មេងជាប្រធានអង្គការម្នាក់ ថាបាននិងកំពុងបោកប្រាស់លុយរបស់សប្បុរសជន ជ្រកក្រោមរូបភាពការងារមនុស្សធម៌ តែតាមពិត ក្នុងនោះគឺបានយកសាច់ញាតិ បងប្អូនរបស់ខ្លួន មកសម្តែងធ្វើជនទីទ័លក្រ ខណៈលុយជំនួយខ្លះត្រូវបានដឹងថា បានដល់ដៃជនទីទ័លក្រត្រឹម ១០, ២០ ម៉ឺនរៀល ប៉ុណ្ណោះ។
រឿងនេះបានផ្ទុះឡើង គឺបន្ទាប់ពីបុរសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Reach Nemar ប្រហែលជាអ្នករស់នៅក្រៅប្រទេស បានចូលខមិនជេរយ៉ាងធ្ងន់ៗបែបនេះថា៖ «ឈប់ទៅ ប្រយ័ត្នធ្លាក់នរកមីប្រេត» ។ ពិតណាស់ បន្ទាប់ពីបុរសរូបនេះដែលប្រហែលបានចោទប្រកាន់ថា ធ្វើអំពើមនុស្សធម៌កឹបកេងលុយម្ចាស់ជំនួយដាក់ក្នុងហោប៉ៅក្រុមខ្លួន ហើយយកទៅជួយដល់ជនទីទ័លក្រដ៏តិចតួចបំផុត ស្រាប់តែស្រ្តីប្រធាន «អង្គការក្តីសង្ឃឹមនារីកម្ពុជា» ដែលមានឈ្មោះពិត លី អមរចន្ទរង្សី និងជាម្ចាស់ខោន Meta Meta បានបញ្ចេញលិខិតច្បាប់អនុញ្ញាតឲ្យបើកអង្គការ ពីក្រសួងមហាផ្ទៃ ត្រឹមត្រូវ។ តែទោះជាយ៉ាងណា រឿងជំនួយដល់ដៃសប្បុរសជនបានប៉ុន្មាន គឺមិនពាក់ព័ន្ធនឹងការអនុញ្ញាតបើកអង្គការនេះទេ សំខាន់សួរថា តើខ្លួនជាប្រធានអង្គការមានភាពស្អាតស្អំដែរឬទេ?។
តែអ្វីដែលកាន់តែរសើបខ្លាំងនោះ បន្ទាប់មក ទំព័រហ្វេសប៊ុកខាងលើ ក៏បានរកឃើញដ៏គួរឲ្យចិត្តថា ប្រធានអង្គការនេះបានចូលរោងការតាំងតែពីថ្ងៃទី២៨-៣-២០២៣ ប៉ុន្តែនៅថ្ងៃទី១៩ ខែ៧ ឃើញបង្ហោះថា «យកប្តីឥឡូវហើយ បើនៅម្នាក់ឯងពិបាកម្លឹងៗ» ដើម្បីសប្បុរសជនអាណិតខ្លួន ឲ្យមើលមកឃើញថាខ្លួនជានិសិ្សត ហើយមិនគិតពីយកប្តីសីអីទេ សុខចិត្តនៅរៀនផង ធ្វើការងារមនុស្សធម៌ផង ដើម្បីជួយសង្គម ជួយប្រជាជនក្រីក្រ។
ក្រៅពីរឿងកុហកថា មិនទាន់រៀបការ ក៏នៅរកឃើញថា ប្រធានអង្គការរូបនេះ បានបង្ហោះរូបសម្តែងយកបងប្អូន កូនក្មួយខ្លួនឯងធ្វើជាទុរគតជន។ ជាក់ស្តែង រូបភាពភស្តុតាងចុងក្រោយមួយទៀត បានបង្ហាញថា ស្រ្តីម្នាក់ដែលជាជនទីទ័លក្រ គឺជាសាច់ញាតិម្នាក់ ដែលបានមកចូលរួមមង្គលការរបស់ខ្លួនប៉ុណ្ណោះ ខណៈរូបភាពទាំងនោះ ត្រូវបានលុបចោលអស់ហើយ ប៉ុន្តែ វាជាការហួសពេលទៅហើយ ព្រោះថាអ្នកចាប់ពស់ខ្លាចពស់ខាំបក បានរក្សាទុករួចស្រេចទៅហើយ។
លើសពីនេះ គេក៏បានរកឃើញប្រធានអង្គការនេះ បានបង្កើតផេកស្វែងរកជំនួយជាច្រើន ដែលត្រូវបានចាត់ទុកថា ជាទង្វើប្រមូលលុយសប្បុរសធម៌ជាប្រព័ន្ធតែម្តង បើទោះជាទើបតែចេញមុខឆ្លើយតបថា ផេកទាំងនោះជាផេកក្លាយក្លែងបែបណាក៏ដោយ។
តែបើទោះជារឿងនេះបានផ្ទុះឡើងក្តៅគគុក ខណៈមហាជនជាច្រើន បានសម្តែងការអស់ជំនឿទុកចិត្ត និងគួរឲ្យហួសចិត្តយ៉ាខ្លាំងយ៉ាងណា ក៏សង្កេតឃើញថា ស្រ្តីជាប្រធានអង្គការរូបនេះ ហាក់ពុំផ្ទុះប្រតិកម្មធ្វើការតបតអ្វីខ្លាំងក្លានោះទេ ឬមួយអ្វីៗដែលត្រូវបានលាតត្រដាងចេញទាំងនេះ គឺជាការពិត!!?? ខណៈបានត្រឹមបង្ហាញអារម្មណ៍បាក់ទឹកចិត្ត ដោយនិយាយថា ខំធ្វើអំពើល្អ ខំជួយមនុស្សជាច្រើនអស់រយៈពេលជិត៩ឆ្នាំមកនេះ បានត្រឹមខុស ពីមនុស្សដែលចាំតែចាប់កំហុសគេ។ ទោះជាយ៉ាងណា មាសសុទ្ធមិនខ្លាចភ្លើង បើខ្លួនស្អាតស្អំ កុំខ្លាចអីត្រូវតែឆ្លើយតប បកស្រាយបំភ្លឺទៅ… !!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង