ស្ត្រីជាប្រពន្ធម្នាក់ដ៏ពោរពេញដោយកំហឹងយ៉ាងខ្លាំង ដែលតាមទាន់ប្តីរបស់នាងកំពុងបើករថយន្តដឹកស្រីស្នេហ៍ បានសម្រេចប្រឈមមុខនឹងប្តី និងស្រីស្នេហ៍របស់គាត់ ឡើងបែកផ្សែងទាំងកណ្តាលថ្ងៃ ដែលបង្កឲ្យអ្នកដំណើរឈប់ចោមរោមមើលដ៏ភ្ញាក់ផ្អើល ស្ថិតនៅលើផ្លូវមួយកន្លែង នាភាគខាងកើតនៃប្រទេសចិន ។
វីដេអូដ៏រន្ធត់ ដែលត្រូវបានថតដោយសាក្សីម្នាក់ នៅក្នុងទីក្រុង Nanjing បានបង្ហាញឲ្យឃើញស្ត្រីម្នាក់អង្គុយលើក្បាលរថយន្ត Audi ពណ៌ខ្មៅ ដែលត្រូវបានគេដឹងថា មានបុរសម្នាក់ត្រូវជាប្តីរបស់នាង និងស្ត្រីម្នាក់ទៀតជាស្រីស្នេហ៍ កំពុងសម្ងំនៅក្នុងនោះ ។
ទោះយ៉ាងណា បុរសជាប្តីរូបនោះ ពុំបានឈប់រថយន្តទេ និងរក្សាបន្តបើកតាមដងផ្លូវមមាញឹមមួយ ខណៈអ្នកដំណើរជាច្រើនសម្លឹងមើលជាមួយភាពភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង ។
អង្គុយនៅលើក្បាលរថយន្តកំពុងចលនា ស្ត្រីជាប្រពន្ធដើមនោះ ត្រូវបានឃើញស្រែកដាក់ប្តីរបស់នាង តាមរយៈកញ្ចក់មុខរថយន្តបណ្តើរ និងវាយកញ្ចក់ជាមួយដំបងបណ្តើរយ៉ាងសន្ធាប់ ។
នាងត្រូវបានលឺស្រែកខ្លាំងថា៖ «បើកទ្វារ! ខ្ញុំតាមទាន់ស្រីស្នេហ៍អ្នកឯងហើយ!» ។
ទោះយ៉ាងណា បុរស «មានខ្លួន» រូបនោះ ដែលគេជឿថាជាប្តីរបស់នាង ពុំអើពើនឹងនាងទេ និងបន្តបើករថយន្តទៅជិតសង្កាត់លក់ដូរទំនិញ Nanjing Aqua City, នេះបើយោងតាម Yangtze Enving News ។
ស្ត្រីរូបនោះបានបន្តស្រែកទៀតថា៖ «មីស្រីថោកទាប ចុះចេញមក!! ចុះចេញមក!!» ។
រថយន្ត Audi នោះបន្ទាប់មក បានឈប់នៅភ្លើងស្តុបផ្លូវប្រសព្វមួយ ទីកន្លែងដែលបុរសនោះចុងក្រោយបានចុះចេញពីក្នុងរថយន្ត ។
ពួកគេទាំងពីរ បន្ទាប់មក បានចាប់ផ្តើមឈ្លោះប្រកែកគ្នាឡើងតឹងសរសៃ.ក នៅលើចិញ្ចើមផ្លូវ ដោយស្ត្រីជាប្រពន្ធ ត្រូវបានឃើញវាយទាត់ធាក់បុរសនោះយ៉ាងចាស់ដៃ ខណៈស្រីស្នេហ៍នៅតែសម្ងំនៅក្នុងរថយន្ត ។
ស្ត្រីនោះបន្តស្រែកទៀតថា៖ «អ្នកសន្យាថា នឹងទិញផ្ទះមួយជាមួយខ្ញុំ ។ ម្សិលមិញ ពួកយើងទើបតែបានទៅមើលផ្ទះមួយជាមួយគ្នា ប៉ុន្តែ ថ្ងៃនេះស្រាប់តែអ្នកនៅជាមួយស្រីផ្សេងទៅវិញ តើអ្នកធ្វើបែបនេះសមទេអ្ហាស!!» ។
ក្រោយមក មន្ត្រីប៉ូលីសម្នាក់ត្រូវបានឃើញចូលមកអន្តរាគមន៍ជម្លោះនេះ និងនាំអ្នកទាំងពីរទៅកាន់ប៉ុស្តិ៍ប៉ូលីសផងដែរ ៕ ចន្ទី (Daily Mail)