ប៉ូលិសនៅខេត្តហូណាន ប្រទេសចិន កំពុងដំណើរការស៊ើបអង្កេតបុរសម្នាក់ ដែលចាប់ម្តាយរបស់ខ្លួនឲ្យ “ស៊ីស្មៅ” ក្រោយពេលគាត់ឈ្លោះប្រកែកនិងភរិយាខ្លួន ។
លោក Zhao Long can មន្ត្រីនៃភូមិ Dongjia ស្រុក Anlua ឲ្យដឹងថា ហេតុការណ៍នេះកើតនៅវេលាថ្ងៃត្រង់ទី ១៣ ខែកក្កដា កន្លងមក ។ បុរសត្រកូល Liang អាយុប្រមាណ ៥០ឆ្នាំ បានប្រព្រឹត្តនូវទង្វើរពុំអាចលើកលែងបានចំពោះស្ត្រីជាម្តាយវ័យ ៨០ឆ្នាំ ហើយមានជំងឺបាត់ការចងចាំ (Alzheimar) ។
តាមលោក Zhao មូលហេតុដំបូងគឺមកពីប្រពន្ធរបស់ Liang ចង់យកផ្ទះរបស់ម្តាយក្មេកដើម្បីរស់នៅ តែគាត់ពុំព្រមហើយក៏កើតការឈ្លោះប្រកែកគ្នា ។ Liang ដែលជាកូនបង្កើតស្រាប់តែផ្ទុះកំហឹងពេលឃើញជម្លោះប្រកែកគ្នា ក៏បានយកស្មៅទៅញាត់មាត់ម្តាយកុំឲ្យនិយាយទៀត ។ តាម Kan Kan News មន្ត្រីក្នុងភូមិបានបង្កើតក្រុមស៊ើបអង្កេត ក្រោយពេលទទួលបានព័ត៌មាននេះ ។ ពួកគេតម្រូវឲ្យ Liang សរសេរសំបុត្រសុំទោស ហើយយកទៅបិទនៅទីសាធារណៈ ។
ក្នុងសំបុត្រ Liang សរសេរថា ៖ “ខ្ញុំចាប់ម្តាយឲ្យបរិភោគស្មៅ ព្រោះគាត់បានឈ្លោះប្រកែក ជាមួយប្រពន្ធខ្ញុំ ។ ជាកូនប្រុសម្នាក់ នេះជាកំហុសរបស់ខ្ញុំ ។ សូមកុំរៀនសូត្រតាមខ្ញុំ ។ កូនសុំទោសម៉ែ!” ។
តាមលោក Zhao ទោះបីយ៉ាងនេះក្តី តែប៉ូលិសបានបើកការស៊ើបអង្កេត ហើយនាំខ្លួន Liang យកទៅឃុំឃាំងហើយ ។
ប៉ូលិសប្រាប់អ្នកកាសែតថា ពួកគេកំពុងស្រាវជ្រាវករណីនេះ ៕ បូព៌ា