ជឿថា បងប្អូនជាច្រើនបានធ្លាប់ជួបរួចហើយ ចំពោះមនុស្សទាំងប្រុស ឬ ស្រី ដែលកន្លងៗមក ត្រូវបានឃើញដើរសុំលុយតាមផ្ទះ ឬកន្លែងធ្វើការ ដោយប្រើស្តាយល៍តែមួយប្រាប់ដូចជាថា ទៅធ្វើការនៅថៃចាញ់បោកគេ អត់លុយធ្វើសាហ៊ុយទៅផ្ទះ ឬ ចាញ់បោកមេការសំណង់អត់បើកលុយឲ្យជាដើម តែមិនដឹងថាជាការពិត ឬគ្រាន់តែជាល្បិចឆរបោកនោះទេ។
តែដោយឡែក ថ្មីៗនេះ ទង្វើដើរបោកប្រាស់ទឹកចិត្តអ្នកដំណើរតាមភ្លើងស្តុប របស់ប្តីប្រពន្ធមួយ ដែលមានកូនស្រីម្នាក់ ដើម្បីទាក់ទាញក្តីអាណិតអាសូរ ត្រូវបានលាតត្រដាងហើយ ខណៈលោក បូ ភក្រ្តា ម្ចាស់ផេករំដួលធីវី បានបញ្ចេញរឿងនេះ បន្ទាប់ពីលោកបានទៅសម្ភាសន៍ ចាញ់បោកអស់លុយ ២០ ម៉ឺនរៀល ព្រោះតែក្តីអាណិត នៅពេលប្តីប្រពន្ធនេះបានប្រាប់ថា ពួកគេត្រូវបានមេការសំណង់បោក គ្មានលុយធ្វើសាហ៊ុយទៅស្រុកវិញទេ សូមឲ្យជួយផង!។
ពិតណាស់ អ្វីដែលធ្វើឲ្យលោក បូ ភក្តា ភ្ញាក់ផ្អើលខ្លាំងនោះ គឺបន្ទាប់បង្ហោះវីដេអូបង្ហាញពីសកម្មភាពដាក់ទាននេះភ្លាម ស្រាប់តែអ្នកលេងបណ្តាញសង្គម បានចូលខមិនជាបន្តបន្ទាប់ថា លោកចាញ់បោកហើយ ព្រោះប្តីប្រពន្ធនេះ គឺតែងតែឃើញសុំលុយតាមបណ្តាស្តុបជាច្រើន។
កាន់តែច្បាស់ទៀតនោះ បុរសអ្នករត់កង់បីម្នាក់ ក៏បានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធនេះមិនមែនទើបតែចេញមុខសុំលុយតាមស្តុបលើកដំបូងទេ គឺគាត់តែងប្រទះឃើញនៅតាមគោលដៅស្តុបដូចជា ស្តុបផ្សារដីហុយ, ស្តុបម៉ាក្រូ អ៊ីអន២, ស្តុប DN, ស្តុបផ្លូវ ៦០ ម៉ែត្រ និងនៅតាមស្តុបជាច្រើនទៀត ដែលគាត់បានជួបប្រទះ គិតមកទល់ពេលនេះ មានរយៈពេលប្រហែល១ឆ្នាំហើយ។
ហេតុនេះ ប្រសិនបងប្អូនបានជួបប្តីប្រពន្ធនេះទៀត សូមរាយការណ៍ទៅសមត្ថកិច្ច ដើម្បីមានវិធានការ ព្រោះនេះជាអំពើបោកប្រាស់ ឬ ឆរបោកទឹកចិត្តបងប្អូនដែលមានក្តីអាណិត ជាពិសេស គឺបានយកកូនក្មេងមកធ្វើអាជីវកម្មតែម្តង។ ហើយទង្វើនេះ ក៏បានធ្វើឲ្យអ្នកធ្វើបុណ្យដាក់ទាន អស់ជំនឿជឿជាក់ ប្រសិនបើឃើញអ្នកទីទ័ល ដែលកំពុងទុក្ខលំបាកពិតប្រាកដ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង