Wednesday, January 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនសុភីសម្បត្តិ ហ៊ានផ្គើនចំណារ លោកអភិបាលខេត្ត ដឹកសំណល់សំរាមពីក្រុងបាវិត មកចាក់លើទីលានក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ មហាជនរិះគន់ចំៗទៅលើក្រុមហ៊ុន សុភីសម្បត្តិ ពាណិជ្ជ ដែលទទួលម៉ៅការប្រមូលកាកសំណល់សំរាម ក្រុងស្វាយរៀង ដាក់នៅទីលានចុងព្រែក ថា គ្មានការគ្រប់គ្រងទីលានចាក់សំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដារបច្ចេកទេសបរិស្ថាន ហើយអ្វីគួរឲ្យហួសចិត្តនោះ ក្រុមហ៊ុនមិនត្រឹមតែមិនអនុវត្តតាមចំណារ លោកអភិបាលខេត្តប៉ុណ្ណោះទេ ថែមទាំងបានបន្តដឹកកាកសំណល់សំរាមពីក្រុងបាវិត មកចាក់បន្តលើទីលានភូមិចុងព្រែក ក្នុងក្រុងស្វាយរៀងទៀតផង គឺ ផ្គើន និងចំណាររបស់ លោកអភិបាលខេត្តស្វាយរៀង ដែលតម្រូវឲ្យក្រុមហ៊ុនបញ្ចប់ការប្រើប្រាស់ទីលាននេះ បែរជាដឹកកាកសំណល់សំរាមមកចាក់នៅលើទីលានចាក់សំរាមនៅភូមិចុងព្រែកបន្តទៀត ទៅវិញ ធ្វើឲ្យប៉ះពល់បរិស្ថាន និងជះក្លិនស្អុយ លើផ្ទះប្រជាពលរដ្ឋភូមិចុងព្រែកដដែល បង្កឲ្យប្រជាពលរដ្ឋក្តៅក្រហាយ។

មហាជនរិះគន់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង, បើតាមប្រជាពលរដ្ឋដែលរស់នៅជិតទីលានចាក់រំរាមនេះ បានប្រាប់ CEN ថា  ទីលានចាក់សំរាមនេះ ជារបស់ក្រុមហ៊ុនសុភីសម្បត្តិ ពាណិជ្ជ លើផ្ទៃដីទំហំ ០៣ហិកតា បានធ្វើអាជីវកម្ម ប្រមូលកាកសំណល់សំរាមក្នុងក្រុងស្វាយរៀង មកចាក់នៅទីលានភូមិចុងព្រែកនេះ ជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែមកដល់ឆ្នាំ២០២៤ សំរាមគឺ ចាក់គរ ខ្ពស់ដូចភ្នំ រលួយ ហូរទឹកចូលក្នុងប្រពន្ធ័ប្រឡាយខ្មៅវ៉ក់ បង្កឲ្យជះក្លិនស្អុយសាយភាយយ៉ាងខ្លាំង ប៉ះពាល់ដល់ការដកដង្ហើម ពិបាករស់នៅ ជាពិសេសក្មេងតូចៗ ។

ប្រជាពលរដ្ឋ បានស្នើសុំទៅ លោកអភិបាលក្រុង សូមឲ្យពិនិត្យ និងអន្តរាគមន៍ដោះស្រាយ, ក្រោយមកគេឃើញមន្ត្រីនៃមន្ទីរបរិស្ថានខេត្តស្វាយរៀង បានចុះមកពិនិត្យដោះស្រាយ ក៏ប៉ុន្តែ លទ្ធផល នៅតែមានរថយន្តដឹកកាកសំណល់សំរាមមកចាក់នៅលើទីលាននេះដដែល។

ទាក់ទិនករណីនេះ មន្ត្រីបរិស្ថានសាលាក្រុងស្វាយរៀង បានឲ្យដឹងថា តាមពិតលោកអភិបាលរងខេត្ត ដឹកនាំក្រុមការងារ មានអភិបាលរងក្រុង មន្ត្រីបរិស្ថានសាលាក្រុងស្វាយរៀង បានសហការជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្ត ចុះទៅសិក្សាទីលានចាក់សំរាមរបស់ក្រុមហ៊ុនសុភីសម្បត្តិ ពាណិជ្ជ នេះ ឃើញថា ការចាក់កាកសំណល់សំរាម គឺមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសស្តង់ដារបរិស្ថានទេ គឺការចាក់កាកសំណល់សំរាម គរនៅលើដី ខ្វះការគ្រប់គ្រង មិនជីករណ្តៅកប់សំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បង្កឲ្យកាកសំណល់សំរាមរលួយស្អុយ ជះក្លិនស្អុយសាយភាយដល់ប្រជាពលរដ្ឋរស់នៅជិតតំបន់ចាក់សំរាមនោះ ពិបាកដកដង្ហើម ជាពិសេសក្មេងតូចៗ និងមនុស្សចាស់ ប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ប៉ះពាល់បរិស្ថានធម្មជាតិ។

ប្រភពបន្តថា លោកអភិបាលរងខេត្តស្វាយរៀង បានធ្វើរបាយការណ៍ជូន លោកអភិបាលខេត្ត ពីផលប៉ះពាល់ និងបញ្ជាក់ថា ការទុកដាក់កាកសំណល់សំរាម នៅទីលាននេះ ពុំមានលក្ខណៈស្តង់ដារបច្ចេកទេសបរិស្ថានត្រឹមត្រូវទេ ហើយការចាក់កាកសំណល់សំរាម មានលក្ខណៈចំហមិនមានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ។ ចំពោះសំណល់ដែលប្រមូលយកមកចាក់នៅទីលាននេះ ក្រុមហ៊ុនមិនបានធ្វើការរុញសំណល់ចូលទៅក្នុងរណ្តៅឲ្យបានទាន់ពេលវេលានោះទេដោយមានសំណល់រាប់តោននៅលើមាត់រណ្តៅ ដែលជាហេតុបង្កឲ្យមានក្លិនស្អុយជះសាយភាយដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរតំបន់នោះ។

លោកអភិបាលរងខេត្តស្វាយរៀង បន្តថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន បានលើកឡើងថា ដោយសារមួយរយៈនេះ មានភ្លៀងធ្លាក់ធ្វើឲ្យក្រុមហ៊ុនមិនបានធ្វើការរុញសំណល់ចូលទៅក្នុងរណ្តៅ ឲ្យបានទាន់ពេលវេលា ហើយក្រុមហ៊ុនបានស្នើរសុំដាក់សំណល់សំរាមនៅទីលាននេះ រហូតដល់ចុងខែធ្នូ២០២៤ ទើបធ្វើការរុញសំរាមចូលរណ្ដៅ ឥឡូវចូលដល់ខែមករាឆ្នាំថ្មី២០២៥ទៅហើយ សំរាមអារាត់អារាយលើមាត់រណ្ដៅពេញ។

ចំណែកប្រជាពលរដ្ឋ លើកឡើងថា ក្នុងមួយរយៈពេលមកនេះ មានក្លិនស្អុយខ្លាំងពិបាកក្នុងការរស់នៅ ជាពិសេសប៉ះពាល់ក្មេងតូចៗនៅជំវិញទីតាំងនោះផ្ទាល់។ ក្រោយពីបានពិនិត្យជាក់ស្តែង ក្រុមការងារឃើញថា ទីលាននេះ មិនអាចអនុញ្ញាតឲ្យប្រើប្រាស់បន្តទៀតបានទេ ដោយសារទីលាននេះ ទុកដាក់សំណល់សំរាមមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដារបច្ចេកទេសបរិស្ថាន ហើយឲ្យក្រុមហ៊ុនបង្វែរសំណល់ទាំងអស់ ទៅដាក់នៅទីលានដែលមានលក្ខណៈបច្ចេកទេសស្តង់ដារប្រកបដោយអនាម័យ របស់រដ្ឋបាលខេត្តវិញ។

ក្រុមការងារជំនាញ និងប្រជាពលរដ្ឋ បានគោរពស្នើសុំឱ្យ ឯកឧត្តមអភិបាលខេត្ត មេត្តាពិនិត្យ បិទទីលាននេះចោល ជៀសវាងមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋបន្តទៀត។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានពិនិត្យឯកភាព បញ្ចប់ការប្រើប្រាស់ចាក់កាកសំណល់សំរាម ត្រឹមចុងខែធ្នូ ឆ្នាំ២០២៤ ក៏ប៉ុន្តែ មិននឹកស្មានថា ក្រុមហ៊ុនសុភី សម្បត្តិពាណិជ្ជ បានផ្គើន ហើយនៅតែបន្តដឹកសំណល់សំរាម មកចាក់នៅលើទីលានចាក់សំរាមភូមិចុងព្រែកនេះ ដូច្នេះសោះ៕ រក្សាសិទ្ធដោយ៖សុំ សុវណ្ណគីរី

×