ក្រុមមនុស្សធម៌មួយក្រុម បាននាំគ្នាព្រលែងត្រីរាប់ពាន់ក្បាល ចូលទៅក្នុងបឹងមួយនៅក្នុងទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន នៅក្នុងទង្វើមួយដែលជាភាសាចិនហៅថា ហ្វាំងសេង (放生) ដែលមានន័យសេចក្តីថា «ដោះលែងជីវិត» ។
ការអនុវត្តសកម្មភាពតាមបែបប្រពៃណីសាសនា ដែលទាក់ទងនឹងការសង្គ្រោះជីវិតសត្វពីទីផ្សារ និងបន្ទាប់មក ព្រលែងពួកវាចូលទៅក្នុងធម្មជាតិរបស់ពួកវាវិញនេះ ជាញឹកញាប់ត្រូវបានធ្វើឡើងដោយពុទ្ធសាសនិក ដើម្បីទទួលបានបុណ្យកុសលពីស្ថានសួគ៌ ។
ទោះយ៉ាងណា អំពើដ៏ល្អនេះត្រូវបានលួចបន្លំយ៉ាងលឿន ដោយក្រុមមនុស្សដទៃមួយក្រុមទៀត ដែលបានមករង់ចាំរួចស្រេច នៅត្រើយម្ខាងនៃបឹង ។
នៅពេលបានដឹងថា មានត្រីប្រហែល ១ ម៉ឺនក្បាល ត្រូវបានព្រលែងនៅថ្ងៃនោះ ពលរដ្ឋក្នុងតំបន់ដែលប្រដាប់ដោយឧបករណ៍នេសាទផ្សេងៗ បាននាំគ្នាទៅបឹង Dingxiang ដើម្បី «ត្រង់» ចាប់ត្រីទាំងនោះដោយងាយៗស្រួលតែម្តង ។
វីដេអូឃ្លីបរីករាលដាលនៅលើបណ្តាញសង្គមចិន បានផ្តិតបាននូវរូបភាពជម្លោះមួយរវាងភាគីទាំងពីរ ។ ប៉ុន្តែ ការអង្វរករបស់ពុទ្ធសាសនិកជន បានត្រឹមរងការវាយប្រហារពីពួកមនុស្សគរថ្លង់ទាំងនោះ ខណៈពេលដែលពួកគេនៅតែរឹងទទឹងចាប់ត្រីព្រលែងយ៉ាងគគ្លើន ។
ព្រឹត្តិការណ៍ហ្វាំងសេងនេះ កាលពីអតីតកាល ក៏ត្រូវបានវាយឆ្មក់ដោយពួកអ្នកស្រុកក្នុងតំបន់នោះផងដែរ ដែលបានឆ្លៀតយកឱកាសដ៏ងាយស្រួលនេះ ។
យោងតាម Shanghaiist មន្ត្រីក្នុងតំបន់បានពន្យល់ថា ការព្រលែងត្រីច្រើនពេក នៅពេលនោះចូលក្នុងទឹក ក៏អាចបង្កបញ្ហាដូចជាហេតុការណ៍បានកើតឡើងនៅក្នុងឆ្នាំ២០១៣ អីចឹង ដែលនៅពេលនោះ ត្រីបានងាប់អស់ ២៥០ គីឡូ បានអណ្តែតត្រៀមត្រានៅច្រាំងបឹង ក្នុងទីក្រុងសៀងហៃ ៕ ឧត្តម (Nextshark)