រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹង ការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធាន ដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីបញ្ជីបោះឆ្នោតចុងក្រោយ អំពីលទ្ធផលបណ្តោះអាសន្ននៃការ ចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងសភាពការណ៍ទូទៅ មុនចាប់ផ្ដើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានលើកឡើងថា ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោត មានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានជម្រាបជូនបន្តទៀតថា ប្រជាពលរដ្ឋដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២២ មានចំនួន ៩.៧១០.៦៥៥ (ប្រាំបួនលាន ប្រាំពីរ រយដប់ពាន់ ប្រាំមួយរយហាសិបប្រាំ)នាក់ ក្នុងនោះស្រ្តីមានចំនួន ៥.១៦១.៩០៩ (ប្រាំលាន មួយរយ ហុកសិបមួយពាន់ ប្រាំបួនរយប្រាំបួន)នាក់។ ឯកឧត្តមបន្តថា នៅមុនបើកដំណើរការពិនិតយឈោ្មះ និងចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយ នេះ (បញ្ជីបោះឆ្នោត ឆ្នាំ២០២២) តាមមធ្យោបាយដូចតទៅ៖
ផ្សព្វផ្សាយនៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh និងតាមរយៈកម្មវិធីទូរសព្ទដៃ App (NEC KH)
បិទផ្សាយនៅសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច ១០ (ដប់) ថ្ងៃមុនពេលចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយក្នុងឆ្នាំនេះ ការបិទផ្សាយត្រូវធ្វើនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ មានគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន ឡើងវិញ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត តាម ឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣។
ចំពោះលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានជម្រាបជូនថា ដំណើរការនៃការ ចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ គោលដៅនៃការចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមានឈោ្មះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ បានពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនតាមឈ្មោះ និងទិន្នន័យផ្លូវការ ដែលមានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព និងដើម្បី អញ្ជើញប្រជាពលរដ្ឋមកកែតម្រូវ ឬធ្វើបច្ចុប្បន្នភាពជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់។
ឯកឧត្តម នុត សុខុម បានបន្តថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ គ.ជ.ប តាមរយៈ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលបានសហការអនុវត្តដោយផ្ទាល់ជាមួយ អាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន ៥.៧៧៥.៣១៣ (ប្រាំលាន ប្រាំពីររយចិតសិបប្រាំពាន់ បីរយដប់បី)នាក់ ស្មើនឹង ៥៩,៤៧ (ហាសិប ប្រាំបួនក្បៀសសែសិបប្រាំពីរ)ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។ លិខិតអញ្ជើញនេះ នៅតែបន្តចុះចែករហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
អំពីសភាពការណ៍ទូទៅ មុនចាប់ផ្ដើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឯកឧត្តម នុត សុខុម បានជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំនៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា មានការវិវឌ្ឍល្អប្រសើរ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានអត្រាអ្នកបានទៅបោះឆ្នោតខ្ពស់ គឺ ៨៤,៥៩ (ប៉ែតសិបបួនក្បៀសហាសិប ប្រាំបួន) ភាគរយ និងក្រោយពេលដែលរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាល នីតិកាលទី៧ ត្រូវបានបង្កើត និងចូលកាន់តំណែងក្នុងពេលកន្លងទៅថ្មីៗនេះ។ ឯកឧត្តមបានបន្តថា កត្តាសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គមដែលល្អនេះហើយ ដែលធ្វើឱ្យ គ.ជ.ប មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំចាត់ចែងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ។
ឯកឧត្តម នុត សុខុម បានមានប្រសាសន៍បន្តទៀតថា ការងារមួយចំនួន គ.ជ.ប បានអនុវត្តរួចរាល់ហើយ ការងារមួយចំនួនទៀត គ.ជ.ប ត្រៀមអនុវត្តជាបន្តបន្ទាប់មានដូចជា៖
ការរៀបចំកែសម្រួលបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ផែនការមេ ប្រតិទិនការងារ និងឯកសារគតិយុត្តផ្សេងទៀត សម្រាប់បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ការបញ្ជាទិញសម្ភារ និងបរិក្ខារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់
ការរៀបចំបញ្ជូនសម្ភារ និងបរិក្ខារ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ការងារចុះឈ្មោះបោះ ឆ្នោត និងបញ្ជូនលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតតាម ឃុំ សង្កាត់។
ជាចុងក្រោយ តាងនាម គ.ជ.ប និងឯកឧត្តមប្រធាន ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានធ្វើការអំពាវនាវដោយទទូច និងដោយសេចក្ដីគោរព៖
ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ (ដប់ប្រាំបី) ឆ្នាំ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ (ដប់ប្រាំបី) ឆ្នាំហើយ ប៉ុន្តែមិនទាន់ បានចុះឈ្មោះបោះឆ្នោត សូមមេត្តាអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្ន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ នៅតាមសាលាឃុំ សង្កាត់ ឬ/ និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ដើម្បីបំពេញសិទ្ធិ ជាម្ចាស់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ
ចំពោះប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតពីមុន សូមអញ្ជើញទៅពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួន ដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ឬតាមគេហទំព័រ របស់ គ.ជ.ប voterlist.nec.gov.kh និងតាមកម្មវិធីទូរសព្ទ App (NEC KH) ក្រែងមានករណី ត្រូវកែតម្រូវឱ្យត្រូវទៅក្នុងបញ្ជីបោះឆ្នោត
សូមសំណូមពរជាពិសេសដល់គណបក្សនយោបាយ សមាគម អង្គការនមែនរដ្ឋាភិបាល ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ដើម្បីចូលរួមផ្សព្វផ្សាយ ជួយជំរុញប្រជាពលរដ្ឋ និងជួយពិនិត្យតាមដានមើលដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តដោយរលូន តម្លាភាព និងជោគជ័យ ។
សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមសហការ និងថែរក្សា ការពារសន្តិសុខ និង សណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ
សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមជួយផ្សព្វផ្សាយ អំពីការងាររៀបចំ ដំណើរការនេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការចុះឈ្មោះ បោះឆ្នោត និងការបោះឆ្នោត។
នេះជាកិច្ចប្រជុំលើកទី២ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈោ្មះ បោះឆ្នោត ឆ្នាំ២០២៣ ដែលសមាសភាពចូលរួមមកពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ តំណាងស្ថានទូតរុស្ស៊ី តំណាងគណបក្សនយោបាយ តំណាង អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណជាង ៥០នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី