ស្ត្រីជាភរិយាបានប្រគល់ភារកិច្ចឲ្យប្តីនៅចាំផ្ទះ ហើយមើលកូនអាយុ ៥ឆ្នាំម្នាក់ ។ ប៉ុន្តែដោយ “រវល់” លេងជាមួយទូរស័ព្ទ ភ្លេចកូនឲ្យឈឹង ។
ក្មេងអាយុ ៥ឆ្នាំដើរត្រាច់ចរម្នាក់ឯងតាមផ្លូវ ។
តាម People’s Daily នៅចុងខែមិថុនាមុននេះ ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ ឈ្មោះ Kaikai នៅទីក្រុង Zhang Jiagang ខេត្ត Jiangsu ប្រទេសចិន បានដើរវង្វេងផ្លូវ ពេលចេញពីផ្ទះរបស់ខ្លួន ដើម្បីរកម្តាយ ។
ឪពុករបស់ Kaikai មានភារកិច្ចមើលកូនចៅថ្ងៃដែល kaikai “បាត់ខ្លួន” ប៉ុន្តែបុរសនេះពុំបានរវល់ឡើយ ព្រោះជក់ចិត្តនឹងទូរស័ព្ទ ។
ប៉ូលិសនាំក្មេងប្រុសទៅកាន់ប៉ុស្តិ៍ ។
KaiKai បានដើរចម្ងាយប្រហែល ៨គីឡូម៉ែត្រ តាមដងវិថីមួយដ៏កុះករ មុនពេលមានអ្នកដំណើរម្នាក់ប្រាប់បូលិស ។ ព្រោះតែខ្លាចផង ហើយនៅតូចផង វាពុំអាចប្រាប់អាសយដ្ឋានរបស់ខ្លួនបាន ។
ហេតុនេះប៉ូលិសសម្រេចចិត្តបង្ហោះផ្សាយព័ត៌មានអមដោយរូបភាពលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ។
ឪពុក KaiKai មានត្រកូល Hong ទទួលបានព័ត៌មានពីការដែលកូនខ្លួនបាន… បាត់ខ្លួនជាង ២ម៉ោតក្រោយមក ពេលកំពុងសន្ទនាលើ Wechat ។ Hong បានទាក់ទងជាមួយប៉ូលិសនៅម៉ោង ១៨និង០០នាទី ថ្ងៃដដែល ហើយក៏ទៅនាំយកកូនមកផ្ទះវិញ ។
KaiKai អង្គុយរង់ចាំឪពុកមកទទួល នៅប៉ុស្តិ៍ប៉ូលិស ។
បុរសជាឪពុកដែល “មិនសម្រេចភារកិច្ច” រូបនេះ នៅបាននិយាយ “ទទឹងទិស”ថា កូនប្រុសខ្លួនវាលេងនៅក្រៅផ្ទះ ហើយស្រាប់តែរត់ទៅរកម្តាយ!? ប៉ុន្តែកាមេរ៉ាសុវត្ថិភាពបានឆ្លើយជំនួសគ្រា KaiKai បានដើរចេញពីផ្ទះឆ្លងថ្នល់តែ… ម្នាក់ឯងប៉ុណ្ណោះ ៕ ចន្ទ្រា