ក្នុងមួយរយៈចុងក្រោយនេះ ករណីក្មេងស្រីជំទង់ៗ ដែលកំពុងពេញវ័យសិក្សា ក្រៅពីបង្ហាញឥរិយាបទដ៏មិនល្អដូចជាទៅពពាក់ពពួនគ្នាក្បែរកន្លោះកន្តៀត ជាមួយសិស្សប្រុសជក់បារី គឺថែមទាំងបានធ្វើជាក្មេងទំនើងបង្កើតជាក្រុមបក្ខពួក ព្រួតវាយទៅលើគូភាគីដែលទន់ខ្សោយ ដោយនាំទៅកន្លែងស្ងាត់ រួចប្រើអំពើហិង្សាថតបង្ហោះនៅលើបណ្តាញសង្គម ដោយគ្មានខ្លាចញញើតសមត្ថកិច្ចសោះឡើយ។
ពិតណាស់ បើទោះជាមានការឃាត់ខ្លួន និងបានត្រឹមធ្វើកិច្ចសន្យាអប់រំ ពីសំណាក់សមត្ថកិច្ចជារឿយៗយ៉ាងណា ក៏ទង្វើដ៏ទំនើងរបស់ក្មេងស្រីសិស្សសាលា មិនថានៅតាមបណ្តាខេត្ត និងទីក្រុងនោះទេ គឺនៅតែបង្កជាបញ្ញាជាមួយរូបភាពដ៏ស្អុយសម្រាប់សង្គមបច្ចុប្បន្ន។ ហើយករណីកើតមានដដែលៗនេះ ត្រូវបានគេសន្មត់ថា កត្តាចម្បង គឺមកពីផ្នត់គំនិតរបស់សង្គមគ្រួសារមួយ ដែលឪពុកម្តាយមានការអប់រំសិលធម៌រស់នៅរបស់កូនមានកំរិតទាបបំផុត និងការបណ្តែតបណ្តោយ ទើបបានជាកូនៗក្លាយជាក្មេងទំនើង (ធ្វើជាមនុស្សខ្លាំង) តាមគ្នាបែបនេះ។
ជាក់ស្តែង ថ្មីៗនេះទៀត ក្មេងស្រីសិស្សសាលាដ៏ទំនើងមួយក្រុម ដែលត្រូវបានស្គាល់ថាជាសិស្សថ្នាក់ទី៧ មកពីសាលាវិទ្យាល័យបាក់ទូក បានបញ្ចេញរូបភាពដ៏កាចសាហាវនៅមុខថ្នាក់រៀន ជាមួយសកម្មភាពចាប់ញ៉ឹងសក់សិស្សស្រីម្នាក់ក្នុងចំណោម២នាក់ និងបង្ហោះវីដេអូនៅលើបណ្តាញសង្គម ដោយគ្មានខ្លាចញញើតនោះទេ បន្ទាប់ពីបានធ្វើសកម្មភាពព្រួតគ្នាប្រើអំពើហិង្សា និងគំរាមទៅលើសិស្សស្រីម្នាក់ រហូតលែងហ៊ានទៅសាលាអស់រយៈពេលជិត១ខែ ទើបលេចធ្លាយរឿង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Houy Chenn ដែលត្រូវជាបងស្រីក្មេងស្រីរងគ្រោះ បានបញ្ចេញវីដេអូ និងស្នើដល់សមត្ថកិច្ចសូមមានចំណាត់ការទៅលើក្មេងស្រីសិស្សសាលាដ៏ទំនើងទាំងនេះកុំឲ្យរួចខ្លួនឲ្យសោះ ដោយនាងបានរៀបរាប់ឲ្យដឹងថា៖ «ពួកក្មេងទំនើងរៀនថ្នាក់ទី7 នៅសាលាវិទ្យាល័យបាក់ទូក ប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតប្អូនខ្ញុំ7-8នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគម្រាមគ្នា(តែចូលរៀនវាឃើញវាវ៉ៃ) រឿង1ខែហើយគ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគម្រាម គាត់សុខចិត្ដអត់ចូលសាលាជិត1ខែ រហូតដល់គ្រូCallមកប្រាប់ម៉ាក់ប៉ាខ្ញុំ ហើយក្នុងវីដេអូហ្នឹង ពួកក្មេងទំនើងប៉ុន្មានអ្នកហ្នឹងបានបបួលប្អូនខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃ ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេ បងប្អូនមើលរូបហ្នឹងវីដេអូហ្នឹងហើយ ជួយគិតមើលថាក្រុមក្មេងទំនើងនឹងសាហាវពិនណា ជួយគ្នាShareឱ្យគ្រួសារគាត់បានឃើញផង (ប្អូនគេប្អូនយើង) ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង