Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២៤កន្លងមកនេះ រដ្ឋបាលរាជធានីបានផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយ បានចំនួន ១០១.៧០០សេវា ទទួលបានចំណូលជាង១២សែនដុល្លារ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានធ្វើពីធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ក្នុងឱកាសនៃការអញ្ជើញអធិបតីបើកសន្និបាតនេះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ឆ្នាំ២០២៤កន្លងមកនេះ រដ្ឋបាលរាជធានីបានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញបានចំនួន ១០១.៧០០សេវា ដែលក្នុងមួយថ្ងៃទទួលបាន២៧៣សេវា ទទួលបានចំណូលសរុប ៤៨.៣៩៤.៧៣១.៣៥០រៀល ស្មើនិងជាង១២សែនដុល្លារ។ បានទទួលបណ្ដឹង សំណូមពរ និងធ្វើការសម្របសម្រួលដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដែលមកស្នើសុំប្រើប្រាស់សេវាបានចំនួន ២៧០នាក់។ ចំនួនភ្ញៀវជាតិ អន្តរជាតិមកចូលទស្សនាតាមរមណីយដ្ឋាននានា នៅក្នុងរាជធានីមានចំនួនជាង១១លាននាក់ ដែលមានកំណើតកើនឡើងជាង៦៣ភាគរយ បើប្រាប់ធៀបឆ្នាំ២០២៣។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានបន្តថា នៅឆ្នាំ២០២៤ រាជធានីភ្នំពេញ មានសំណង់ បណ្តុំផ្ទះលែ្វងចំនួន៤៥៣កន្លែង មានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅចំនួន១៨៧៧អគារ មានរោចក្រចំនួន៨១១រោងចក្រ កើនឡើង១៨រោងចក្រ។

ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ ដើម្បីបានជាធាតុចូលសំខាន់ៗ ក្នុងអង្គសន្តិបាតនេះ ក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ បានលើកយកប្រធានបទចំនួន៦ មកពិភាក្សា ក្នុងនោះរួមមាន៖
១-ពិភាក្សាលើ ចំណុចខ្លាំង និងចំណុចខ្សោយ នៃការផ្ទេរមុខងារវិស័យអប់រំ ៣កម្រិត (ថ្នាក់មត្តេយ្យ ថ្នាក់បឋម និងអប់រំក្រៅប្រព័ន្ធ)។
២-ការពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងលុបបំបាត់សេវាសុខាភិបាលឯកជន ខុសច្បាប់នៅរាជធានីភ្នំពេញ។
៣-ការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ។
៤-ការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពសំណង់អគារខ្ពស់ៗ សំណង់ដែលផ្អាកការ សាងសង់និងសំណង់ទ្រុឌទ្រោមហួសការកំណត់ស្នាក់នៅ ដើម្បីលើកជាសំណើរទៅក្រសួង ដោយសារតែភ្នំពេញយើងជាទីក្រុងដែលមានវ័យចំណាស់។
៥-ការគ្រប់គ្រងសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹក ឈានទៅដល់ការផាកពិន័យចំពោះអ្នកចោលសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹកទាំងនេះ។
៦-ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើ ការ បង្ការ បង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងការគ្រប់គ្រងជនអន្តោប្រវេសន៍ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×