Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ៖ ក្រសួងបានបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលបានជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងធានាដល់សន្តិសុខទឹក

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈមឆ្នាំ២០២៤ និងចក្ខុវិស័យរបស់ក្រសួងឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា អំពីកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចយ៉ាងសកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយម ជាមួយនឹងការពង្រឹងការងារគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាឱ្យបាននូវការគ្រប់គ្រង អភិវឌ្ឍ អភិរក្សធនធានទឹកនៅកម្ពុជាប្រកបដោយនិរន្តរភាព និងបរិយាបន្ន សំដៅធានាឱ្យបាននូវសន្តិសុខទឹកសម្រាប់ប្រជាជនកម្ពុជា ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលបានជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងធានាដល់សន្តិសុខទឹក ព្រមទាំងធ្វើការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ។ គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១ ៩៦៩ ៨៤៣ ហិកតា ក្នុងនោះស្រូវរដូវវស្សាចំនួន ១ ៣៨៧ ០៥១ហិកតា និងស្រូវរដូវប្រាំងចំនួន ៥៨២ ៧៩២ហិកតា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងការអនុវត្តការងារ ក្រសួងក៏បានជួបបញ្ហាប្រឈមជាច្រើនដែលតម្រូវឱ្យមានការដោះស្រាយឱ្យមានប្រសិទ្ធភាព ដូចជា ការអភិវឌ្ឍធនធានមនុស្សសម្រាប់បន្តវេន ប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មាន ព្យាករណ៍ និងជូនដំណឹងជាមុននៅមានកម្រិត លិខិតបទដ្ឋានគតិយុត្តសម្រាប់គាំទ្រដល់ការអនុវត្តការងារនៅពុំទាន់មានភាពគ្រប់ជ្រុងជ្រោយ ហើយថវិកាសម្រាប់ការងារស្ដារ ជួសជុល ថែទាំ និងកិច្ចដំណើរការលើហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តមិនទាន់ឆ្លើយតបទៅនឹងចំនួនប្រព័ន្ធធារាសាស្ត្រដែលមាន បន្ថែមលើនេះការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានការកើនឡើងនូវគ្រោះធម្មជាតិ ដែលអាចប៉ះពាល់ បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធទឹក និងប្រព័ន្ធធារាសាស្រ្ត។

ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្រ្តី ដោយបានសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន និងបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×