ខេត្តតាកែវ: នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបជាមួយបងប្អូនប្រជាកសិករដោយផ្ទាល់ នៅទីតាំងដែលជួបប្រទះបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង ក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ក្រោមការសម្របសម្រួលដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
សូមជម្រាបថា ក្នុងផែនការឆ្នាំ២០២៥ នៅស្រុកបាទី ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋបានអនុវត្តការធ្វើស្រែប្រាំងរហូតដល់ ៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល ហើយប្រព័ន្ធស្ទឹងព្រែកត្នោតនៅផ្នែកខាងលើតំបន់រលាំងជ្រៃ និងប្រព័ន្ធប្រឡាយបញ្ជូនទឹកចូលអាងទន្លេបាទីបានបិទជាបណ្តោះអាសន្នដើម្បីធ្វើការជួសជុល បណ្តាលឱ្យស្រូវប្រាំងប្រជាពលរដ្ឋប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព។
ជាដំណោះស្រាយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវដោយមានការគាំទ្រពីក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរដែនដី បានអន្តរាគមន៍បូមទឹកពីទន្លេបាទីតាមស្ថានីយទី២២ និងទី២៣ បញ្ចូលក្នុងប្រឡាយមេហនុមាន ដើម្បីសង្គ្រោះស្រូវប្រាំងប្រមាណ ៤ពាន់ហិកតារបស់បងប្អូនប្រជាកសិករចំនួន ៣៥០០គ្រួសារ ក្នុងឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមប្រឡាយ៧៨ និងប្រឡាយមេហនុមាន ដើម្បីនាំទឹកពីស្ទឹងព្រែកត្នោតទៅជួយសង្រ្គោះស្រូវប្រាំង និងដោះស្រាយបញ្ហាប្រឈមចំពោះមុខរបស់ប្រជាកសិករ។
ជាមួយគ្នានេះ ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យក្រសួងយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ និងតាមការស្នើសុំរបស់ប្រជាកសិករដែលប្រឈមនឹងបញ្ហាខ្វះខាតទឹកស្រោចស្រពក្នុងស្រុកបាទី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានចាត់ឱ្យក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដើម្បីរៀបចំបូមទឹកពីស្ទឹងព្រែកត្នោតបញ្ជូនតាមប្រឡាយ៧៨ចូលក្នុងអាងទឹកទន្លេបាទី ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដើម្បីទៅស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងប្រឈមនឹងការខ្វះខាតទឹក៕ រក្សាសិទ្ធដោយ៖សុទ្ធលី