ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អនុញ្ញាតឱ្យមន្ត្រីរាជការកម្ពុជា ជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុនចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមកម្មវិធីITEC ស្តីពីគោលនយោបាយសាធារណៈ និងអភិបាលកិច្ចនៅសាធារណរដ្ឋឥណ្ឌា ក្នុងខែកម្ភៈ និងខែមីនា ឆ្នាំ២០២៥។
នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អនុញ្ញាតឱ្យមន្ត្រីរាជការកម្ពុជា ជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុនចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមកម្មវិធីITEC ស្តីពីគោលនយោបាយសាធារណៈ និងអភិបាលកិច្ចនៅសាធារណរដ្ឋឥណ្ឌា ក្នុងខែកម្ភៈ និងខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ«តេជោសន្តិភាព» នៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធរណៈ។
ក្នុងរបាយការណ៍សង្ខេបដោយ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងចំណប់អារម្មណ៍របស់ លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី សុទ្ធតែបានបង្ហាញថា ក្រោមស្មារតីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងមុខងារសាធារណៈ និងក្រសួងបុគ្គលិកទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍នៃសាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានផ្តល់ឱកាសដល់មន្ត្រីរាជការកម្ពុជា ចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី នៅសាធារណរដ្ឋឥណ្ឌា ចំនួន ៨០រូប (ស្រី ២៧រូប) ដែលចែកចេញជា ២វគ្គរួមមាន៖ វគ្គទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ National Center for Good Governance ទីក្រុង Mussoorie ប្រទេសឥណ្ឌា សម្រាប់មន្ត្រីរាជការចំនួន ៤០រូប មកពីទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងមុខងារសាធារណៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងកិច្ចការនារី និងវគ្គទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-២១ ខែមីនា ឆ្នាំ២០២៥ នៅ National Center for Good Governance ទីក្រុង Mussoorie ប្រទេសឥណ្ឌា សម្រាប់មន្ត្រីរាជការចំនួន ៤០រូប មកពីក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរ៉ែ និងថាមពល, ក្រសួងបរិស្ថាន,ក្រសួងធនធានទឹក និងឧតុនិយម។
បន្ទាប់ពីស្តាប់របាយការណ៍ និងចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងទាំង២ រួចមក ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការអបអរសាទរដល់សិក្ខាកាមទាំងអស់ ដែលទទួលបានជោគជ័យពីការជ្រើសរើសដោយទួលបានចាត់តាំងរបស់ក្រសួងទាំង៩ សម្រាប់ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលខាងមុខ។ ឆ្លៀតឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បង្ហាញពីសមិទ្ធផល និងការអនុវត្តការងារស្នូលរបស់ក្រសួង ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “បទពិសោធ និងការរៀនសូត្រពីបទពិសោធរបស់ប្រទេដទៃ គឺសំខាន់ ក៏ប៉ុន្តែបទពិសោធ និងមេរៀន នៃប្រព័ន្ធរដ្ឋបាលសាធារណៈ ស្ថានភាពសង្គមនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា មិនដូចប្រទេសដទៃទេ ហើយប្រទេសដទៃក៏មិនដូចប្រទេសកម្ពុជាដែរ។ ដូច្នេះទាមទារឱ្យយើងទទួលយកនូវព័ត៌មាន និងបទពិសោធ ដោយធ្វើការពិចារណា វិនិច្ឆ័យ ជាមួយប្រព័ន្ធដឹកនាំរបស់កម្ពុជា ដែលធ្លាប់បានឆ្លងកាត់នាពេលកន្លងមក។” “តាមរយៈការឆ្លុះបញ្ចាំងពីសក្តានុពលធនធានមនុស្សរបស់កម្ពុជា ការបង្ហាញសមត្ថភាពរបស់យុវជនកម្ពុជា ជាមួយបណ្តាប្រទេសដទៃ និងការលើកស្ទួយមោទនភាពជាតិ ដោយមានជំនឿជឿជាក់ខ្ពស់ចំពោះសង្គម និងជាតិសាសន៍របស់ខ្លួន។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជូនពរដល់សិក្ខាកាមជាមន្ត្រីរាជការកម្ពុជា ដែលនឹងត្រូវចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមកម្មវិធីITEC ស្តីពីគោលនយោបាយសាធារណៈ និងអភិបាលកិច្ចនៅសាធារណរដ្ឋឥណ្ឌា នាពេលដ៏ខ្លីខាងមុខនេះ សូមទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញនាំមកនូវកិត្តិយសចំពោះកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី