ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ពេលបើកម៉ូតូសណ្តោងរ៉ឺម៉កលឿន ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រចតស្ងៀមយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពមានឈ្មោះ ដង យឹងកាន់ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិវៀតណាម មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តកុងតឺន័រមួយគ្រឿង មិនចាំផ្លាកលេខបានបើកតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចលុះបើកមកដល់ចំណុចកើតហេតុខាងលើ បានអែបកៀនមកខាងស្តាំដៃហើយឈប់ចតនៅចិញ្ចើមផ្លូវ ខណៈពេលចតមិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែមានបុរសរងគ្រោះម្នាក់បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង មិនមានផ្លាកលេខ បើកតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅស្របគ្នាពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ សង្ស័យថាងោកមួយភាំងក៏បានជ្រុលចង្កូតទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រ យ៉ាងពេញទំហឹងបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗ ហើយពេលនោះដែរ តៃកុងរថយន្តកុងតឺន័រ ក៏បានឡើងទៅបើករថយន្តគេចខ្លួនបាត់ស្រមោល។ ក្រោយមកបានពលរដ្ឋជិតខាងរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្បាលកោះ ចុះមកទីតាំងកាត់ហេតុភ្លាមៗផងដែរ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ក៏បានទាក់ទងទៅមន្ត្រីផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូសណ្ដោងរ៉ឺម៉ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ហើយធ្វើកំណត់ហេតុប្រគល់សព ឱ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្តកុងតឺន័រ សមត្ថកិច្ចធ្វើការស្រាវជ្រាវតាមរកនៅពេលក្រោយ ដើម្បីឃាត់មកចាត់ការទៅតាមច្បាប់៕ រក្សាសិទ្ធដោយ ៖ សា មេត